(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានជួបប្រជុំជាមួយមន្ត្រីមកពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសស៊ុយអែត (SIDA) ពិភាក្សាជាពិសេសលើការធានាឥណទាន ដល់សហគមន៍កសិកម្ម ដែលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
មន្រ្តី SIDA បានលើកឡើងអំពីសារៈសំខាន់ នៃការធានាឥណទាន និងស្វែងរកដៃគូសហការលើកិច្ចការនេះ។
លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានក៏ស្វាគមន៍លើភាពជាដៃគូ សហការលើគម្រោងធានាឥណទាន ជាពិសេសឥណទាន ដល់សហគមន៍កសិកម្ម ដែលអាចជំរុញឱ្យសហគមន៍កសិកម្ម មានលទ្ធភាពទទួលបាន ឥណទានសម្រាប់ពង្រីកមុខរបរ និងបង្កើតការងារនៅទីជនបទ។
លោក កៅ ថាច បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសស៊ុយអែត ដែលកន្លងមកបានរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទីជនបទ តាមរយៈកម្មវិធីអភិវឌ្ឍសង្គមជាច្រើន៕