(ភ្នំពេញ)៖ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ សណ្ឋាគារ ឋានសួគ៌សុខា បាននាំយកថវិកាចំនួន៥ពាន់ដុល្លារ ឧបត្ថម្ភដល់មន្ទីររពេទ្យគន្ធបុប្ផា។ ថវិកានេះ បានពីការរៃអង្គាសពី ពីអ្នកចុះឈ្មោះរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើកទី៥ លើភ្នំបូកគោ ដែលបានប្រារព្ធឡើងកាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ ជាព្រឹត្តិការណ៍កីឡាសប្បុរសធម៌ធំជាងគេនៅក្នុងខេត្តកំពត រៀបចំឡើងដោយសណ្ឋាគារឋានសួគ៌ សុខា ក្រោមការអនុញ្ញាតពីអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល និងការចូលរួមគ្រាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ព្រឹត្តិការណ៍នេះ ត្រូវបានដឹកនាំដោយលោកស្រី សុខ ចន្ធី និងប្រតិបត្តិដោយលោក កែវ សិទ្ធិ ក្នុងគោលបំណងដើម្បីសុខភាព ភាពសប្បាយរីករាយ និងជួយដល់សង្គម ក្នុងកិច្ចការសប្បុរសធម៌ ជាមួយនឹងការរៃអង្គាសថវិកាពីអ្នកចុះឈ្មោះរត់ប្រណាំងម៉ារ៉ាតុង និងប្រណាំងកង់ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជាក្តីសង្ឈឹមរបស់កុមារកម្ពុជា។
ក្នុងរយៈពេល៥ឆ្នាំមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ បានជួយរៃអង្គាសថរិកាសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សរុបចំនួន ២២,៧០០ដុល្លារអាមេរិក។
សណ្ឋាគារឋានសួគ៌ សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នកឧបត្ថម្ភកម្មវិធី និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួម។ សណ្ឋាគារក៏សង្ឃឹមថា នៅឆ្នាំក្រោយអ្នកចូលរួមនឹងមានចំនួនកើនឡើងជាលំដាប់ ដើម្បីចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពិសេសជួយដល់កុមារកម្ពុជា។
ព្រឹត្តិការណ៍សប្បុរសធម៌នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបើកទូលាយសម្រាប់អ្នកចូលរួមទាំងជាតិ និងអន្ដរជាតិ ជាមួយនឹងការប្រគុំតន្រ្តីខ្នាតធំ ដោយមានការសម្តែងពីតារាល្បីៗ ស្តង់អាហារ និងភេសជ្ជៈដ៏ច្រើនសម្បូរបែប និងល្បែងកម្សាន្តជាច្រើនផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០១៦ ៦១៦ ១២៦ ៕