(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
កម្មវិធីនេះនឹងត្រូវរៀបចំដោយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) សហការជាមួយស្ថាប័នរដ្ឋាភិបាល ដោយរំពឹងថា នឹងមានអ្នកចូលរួមប្រមាណ១ពាន់នាក់។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាព បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា អង្គការ AHF នឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល និងសហគមន៍ ប្រមាណជិត១ពាន់នាក់។
លោកវេជ្ជបណ្ឌិតបន្តថា នៅក្នុងទិវានោះ ក៏មានការរៀបចំដង្ហែក្បួន នៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ការរាំកន្ត្រាក់អារម្មណ៍, ការរាំហែក្បួន និងការធ្វើតេស្តឈាមរកមេរោគអេដស៍ និងមានការចូលរួមដោយតារាល្បីៗ ដូចជាលោក ខេមរៈ សេរីមន្ត ក្រុមកំប្លែង និងតារាជាច្រើនទៀត។
លោកវេជ្ជបណ្ឌិតបន្តថា ការរៀបចំទិវាប្រយុទ្ធនឹងជំងឺអេដស៍ពិភពលោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ធ្វើឡើងដើម្បីក្រើនរំលឹកដល់មនុស្សជាតិថា សង្គ្រាមប្រយុទ្ធនឹងជំងឺអេដស៍ នៅមិនទាន់បញ្ចប់ទេ ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ១លាននាក់ បានស្លាប់ដោយសារជំងឺនេះ និងជាង១លាន៨សែននាក់បានឆ្លងជំងឺអេដស៍។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍នៃទិវានេះនឹងបង្ហាញ ដល់ប្រជាពលរដ្ឋកម្ពុជាថា មេរោគអេដស៍អាចការពារ និងព្យាបាលបាន ចំពោះអ្នកដែលផ្ទុកមេរោគអេដស៍ ពួកគេនៅតែអាចរស់នៅបានប្រកបដោយសុខភាពល្អ និងមានការជួយគាំពារ ព្រមទាំងទទួលបានថ្នាំព្យាបាលជំងឺអេដស៍យ៉ាងត្រឹមត្រូវផងដែរ។
លោកបញ្ជាក់ថា បច្ចុប្បន្នមានមនុស្សប្រមាណជា៦៧,០០០នាក់ នៅប្រទេសកម្ពុជាកំពុងរស់នៅ ជាមួយមេរោគអេដស៍ ក្នុងនោះមានអ្នកជំងឺជាងពាក់កណ្តាល កំពុងទទួលបានការគាំពារ និងព្យាបាលដោយមានការគាំទ្រពីអង្គការ AHF ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ សង្ឃឹមថា «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ នឹងធ្វើឲ្យយុទ្ធនាការ ប្រយុទ្ធនឹងជំងឺអេដស៍ កាន់តែប្រសើរទាំងនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក»។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ឲ្យដឹងថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលរៀបចំឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានការរៀបចំពិធីបដាចងតាមដងផ្លូវ នៅទូទាំងប្រទេសចំនួន២៥០បដាផងដែរ។ ដោយបដានីមួយនឹងដាក់ពាក្យស្លោកថា ពាក់ព័ន្ធនឹងជំងឺអេដស៍ ដើម្បីក្រើនរំលឹកដល់សាធារណជន បានយល់ដឹង និងការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៍។
លោកវេជ្ជបណ្ឌិតបន្តថា ជាមួយគ្នានេះអាជ្ញាធរជាតិ ក៏បានរៀបចំការប្រគុំតន្ត្រីនៅវត្តភ្នំ ព្រមទាំងមានការចូលរួមពី តារាចំរៀងល្បីៗប្រចាំកម្ពុជាជាច្រើន ចូលរួមច្រៀងរាំ និងសំដែនជូនសារធារណជនទស្សនាផងដែរ។
លោក ខេរៈ សេរីមន្ត ឯកអគ្គរាជទួតសុឆន្ទៈនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំនៅកម្ពុជា បានប្តេជ្ញាជួយផ្សព្វផ្សាយអប់រំស្តីពី ជំងឺអេដស៍នេះនៅតាមការប្រគុំតន្ត្រីផ្សេងៗ និងធ្វើសាអប់រំខ្លីៗបង្ហោះលើបណ្តាញសង្គម និងស្នើឲ្យសាធារណជន ក៏ដូចជាយុវវ័យរួមគ្នាប្រយុទ្ធ និងលុបបំបាត់ជំងឺនេះ ឲ្យអស់ពីកម្ពុជាផងដែរ៕