Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ទូច ណារុថ៖ កម្លាំងសមត្ថកិច្ចជាង១ម៉ឺននាក់ ត្រៀមរួចស្រេចសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក (Video inside)

16-11-2018 16:44

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទូច ណារុថ អគ្គស្នងរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចំនួន១៣,០៤៧នាក់ ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីរៀបចំផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

នាយឧត្តមសេនីយ៍ ទូច ណារុថ បានលើកឡើងទៀតថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង មកលេងកំសាន្ដនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ក្រសួងមហាផ្ទៃ បានត្រៀមកម្លាំងជាច្រើននាក់ ទាំងចំហរ និងសំងាត់ ក្នុងបុណ្យជាតិនេះ ខណៈព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅធំជាងឆ្នាំមុន។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ទូច ណារុថ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្ដឲ្យមានការប្រុងប្រយ័ត្ន និងធ្វើការសហការជាមួយសមត្ថកិច្ច ដើម្បីឲ្យព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តិទៅប្រកបដោយសប្បាយរីករាយ និងសណ្តាប់ធ្នាប់ល្អ គ្មានបញ្ហាអ្វីកើតឡើង។

ក្នុងកិច្ចប្រជុំនោះផងដែរ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវតែការពារឲ្យបានដាច់ខាតនៅសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យនេះឲ្យបានល្អបំផុត និងត្រូវផ្តល់ព័ត៌មានផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ខណៈដែលមានមុខសញ្ញាណាមួយមិនប្រក្រតី៕