(ភ្នំពេញ)៖ ដើម្បីចៀងវាងការបង្ក ក៏ដូចជាចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យត្រួតពិនិត្យយានជំនិះ ឱ្យបានត្រឹមត្រូវមុនធ្វើដំណើរទៅណាមកណា ក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការការចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរ ដែលឆ្លើយសំណួរត្រឹមត្រូវពាក់ព័ន្ធនឹងច្បាប់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅផ្លូវជាតិលេខ១ នៅត្រង់ផ្សារគគី លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅថ្ងៃបុណ្យធំៗរបស់ជាតិ។
លោកស្រីបានបញ្ជាក់ថា «យើងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាងរៀងរាល់ខែ ពិសេសនោះ នៅពេលបុណ្យអុំទូកនៅពេលខាងមុខនេះ ប្រជាពលរដ្ឋជាច្រើន នឹងអញ្ជើញទៅមើលនៅក្នុងរាជធានីភ្នំពេញ អញ្ចឹងយើងធ្វើនេះ ដើម្បីពញ្ញាក់ស្មារតី ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក»។
លោកស្រីបន្តថា បើពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោកនឹងជួយដល់ការការពារអាយុជីវិតដល់ប្រជាជនពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។ លោកស្រីបញ្ជាក់ថា «បើសិនគាត់ដឹងពីច្បាប់ ច្បាប់ឱ្យយើងប្រកាន់ស្តាំ ហើយជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដូច្នេះដើម្បីការពារនៅពេលពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍…»។
លោកស្រីក៏បានឱ្យដឹងថា ការពាក់មួកសុវត្ថិភាពមិនសំដៅលើអ្នកបើកបរនោះទេ គឺអ្នករួមដំណើរ រួមទាំងកូនក្មេងអាយុចាប់ពី៣ឆ្នាំក៏ត្រូវពាក់មួកសុវត្ថិភាពដែរ។ ជាមួយគ្នានោះដែរ លោកស្រីក៏បានឱ្យដឹងថា សម្រាប់ការផ្សព្វផ្សាយនៅថ្ងៃនេះក៏មានការផ្តល់មួកសុវត្ថិភាព ចំពោះអ្នកដែលបានឆ្លើយត្រូវចំនួន៣ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ មួកដែលនឹងចែក ដល់ធ្វើដំណើរដែលឆ្លើយត្រូវមានជាង១០០មួក។
លោកស្រីបានគូសបញ្ជាក់ថា «យើងធ្វើការចែកមួកចំនួនប៉ុណ្ណឹងមែន ប៉ុន្តែយើងសង្ឃឹមថា អ្នកដែលទទួលបាននឹងយកទៅផ្សព្វផ្សាយបន្ត។ យើងធ្វើផ្សព្វផ្សាយទាំងខេត្តរាជធានីទាំងអស់ ហើយត្រូវធ្វើរៀងវាល់ខែ ជាពិសេសនោះ យើងធ្វើនៅមុនបុណ្យធំៗយើងធ្វើការផ្សព្វផ្សាយពី ឬបីដងនៅដងផ្លូវធំៗផងដែរ» ។
លោកស្រីក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានយន្ត ម៉ូតូ ទាំងអស់ត្រូវគោរពច្បាប់ ចរាចរណ៍ដោយមានការប្រុងប្រយ័ត្នកុំបើកលើសល្បឿនកំណត់ ត្រូវមើលក្ខណៈបច្ចេកទេ សយានយន្តឱ្យបានត្រឹមត្រូវ ។ កុំបើកវាជែងដោយគ្មានប្រុងប្រយ័ត្ន គោរពសិទ្ធិអាទិភាព និងកុំពិសាគ្រឿងស្រវឹង តែបើពិសារគ្រឿងស្រវឹងកុំបើកបរ …។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវប្រព្រឹត្ដិទៅចាប់ ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
សម្រាប់រក្សាសណ្តាប់ធ្នាប់វិញ សាលារាជធានីភ្នំពេញ គ្រោងនឹងប្រើកម្លាំងមានសមត្ថកិច្ចរហូតដល់ជាង១ម៉ឺននាក់ ដោយនឹងត្រូវដាក់ពង្រាយនៅតាមតំបន់ A, B និង C ក្នុងនោះ កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់ផងដែរ៕