(ភ្នំពេញ)៖ ក្បាច់គុនល្បុក្កតោជាក្បាច់គុនដ៏ចំណាស់មួយដែលជាយុទ្ធគុនកំពូលរបស់ខ្មែរយើងតាំងពីសម័យបុរាណ ហើយមានអ្នកខ្លះគេប្រសិទ្ធិនាមថា ជាក្បាច់គុនរបស់អាទិទេព។ ល្បុក្កតោគឺជាបន្សំនៃពាក្យ ល្បុក្ក និង តោ ដែលល្បុកមានន័យថា បុក វាយរុញ ឬដាល់ ឯតោវិញមានន័យថា ជាស្តេចសត្វមហាកម្លាំង ឬ មហាថាមពល។
ក្បាច់គុនដ៏ចំណាស់មួយនេះត្រូវបានលោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន គាស់កកាយឡើងវិញក្នុងរជ្ជកាលសតវត្សទី២១នេះ។ ប្រវត្តិតស៊ូរបស់លោកគ្រូតាបានជួបការលំបាកនិងឧបសគ្គជាច្រើន។លោកគ្រូតាក្រម៉ាមាសជាប្រធានបណ្ឌិតសភាល្បុក្កតោបាននិងកំពុងបន្តរៀបចំសំណុំបែបបទដាក់ស្នើសុំដាក់ក្បាច់គុនល្បុក្កតោបញ្ចូលជាសម្បត្តិបេតិកភណ្ឌ ពិភពលោកអរូបីយ៍ដែលអង្គការយូនីស្កូបានដឹងឮតាំងពីឆ្នាំ២០១២។
ដើម្បីកុំអោយក្បាច់គុននេះបាត់បង់ ក៏ដូចជាជួយផ្សព្វផ្សាយអោយពិភពលោកបានស្គាល់ និងដឹងកាន់តែច្បាស់ពីក្បាច់គុនបុរាណរបស់ខ្មែរនេះ ។ លោកគ្រូតាក្រម៉ាមាសសាន គឹមស៊ាន នឹងបន្តបេសកកម្មជាប្រវត្តិសាស្រ្តលើកកម្ពស់ក្បាច់គុនល្បុក្កតោនៅលើឆាកអន្តរជាតិ ហើយកត្តាដែលសំខាន់បំផុតក្នុងការបង្ហាត់បង្រៀងសិស្សនៅលើទឹកដីអង្គរនេះ គឺមានគោលបំណងចង់ឲ្យកូនខ្មែរចេះ ការពារកុំអោយបាត់បង់ បើកប្រកួតសម្តែងអំពីក្បាច់គុននេះជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ដើម្បីបានស្គាល់ពីក្បាច់គុនរបស់ខ្មែរយើងផងដែរ។ ក្នុងការបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោនេះលោកគ្រូតាបានផ្លាស់ប្តូរទីកន្លែងច្រើនដងពីភ្នំពេញមកដល់ខេត្តសៀមរាប ដូចជាពីឆ្នាំ២០០៤ ដល់ ២០០៥បង្ហាត់នៅក្លឹបជិតផ្សារដេប៉ូ ពី២០០៥ ដល់ ២០០៩ បង្ហាត់នៅក្លឹបជិតផ្សារអូឫស្សី ពី២០០៩ ដល់២០១២ បង្ហាត់នៅក្លឹបចាក់អង្រែក្រោម ពី២០១២ ដល់បច្ចុប្បន្ន បង្ហាត់នៅក្លឹបក្នុងខេត្តសៀមរាប ដែលមកពេលនេះការផ្តល់ជម្រករបស់ម្ចាស់ដីដែលស្ថិតនៅកន្លែងចាស់ក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាមបានបញ្ចប់។
លោកហ៊ុល ប៊ុនថា ដែលជាសប្បុរសជនសកម្មមួយរូបក្នុងការគៀងគរ វ៉ៃអង្គាសប្រមូលថវិកាជួយស្រោចស្រង់ក្បាច់គុនល្បុក្កតោ ជូនលោកតាក្រម៉ាមាសសំរាប់យកទៅធ្វើការសាងសង់ សាលាក្បាច់គុនល្បុក្កតោ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បច្ចុប្បន្នទីតាំងដែលត្រូវសាងសង់សាលាគុនថ្មី គឺបានជួលដីទំនេរមួយកន្លែងស្ថិតក្នុងភូមិទ្រាំងសង្កាត់សាលាកម្រើក ក្រុងសៀមរាប ដែលពេលនេះកំពុងតែចាក់ដីនិងសាងសង់ជាបណ្តើរៗ។
លោក ប៊ុនថា បានបន្តថាក្នុងនាមលោកជាអ្នកស្រលាញ់ក្បាច់គុនល្បុក្កតោនេះ លោកបានអំពាវនាវរកសប្បុរសជន
ជួយឧបត្ថម្ភរហូតមកដល់ពេលនេះ បានថវិកា១ម៉ឺនដុល្លារហើយ តែតាមគម្រោងជំហ៊ានដំបូង គឺត្រូវចំណាយថវិកាខ្ទង់ជាង១៦០០០ដុល្លារឯណោះ ។ ទីតាំងដែលត្រូវបង្ហាត់ក្បាច់គុនល្បុក្កតោ នេះ គឺស្ថិតនៅក្បែរនឹងតំបន់ទេសចរណ៏អង្គរតែម្ដងដែលងាយស្រួលភ្ញៀវទេសចរណ៏ស្គាល់ និងទៅទស្សនា។
នៅពេលដែលសាលាគុនបាននិងកំពុងដំណើរការសាងសង់នេះ លោក ហ៊ុល ប៊ុនថា សូមអំពាវនាវរកថវិកាឧបត្ថម្ភពីសប្បុរសជនបណ្ដើរៗទៀត ដើម្បីជួយឧបត្ថម្ភដល់គម្រោងសាងសង់អោយបានចប់សព្វគ្រប់តាមការគ្រោងទុក (ទំនាក់ទំនងលេខទូរស័ព្ទ 085 868788) ។
ទន្ទឹមនេះដែរ ក្រៅពីការសាងសង់សាលាបង្ហាត់ក្បាច់គុន លោកគ្រូតាក្រម៉ាមាស ក៏មានគម្រោងផ្សេងៗទៀតជាច្រើន ដូចជា បន្តចងក្រងជាឯកសារនិងផ្សព្វផ្សាយអំពីប្រវត្តិក្បាច់គុនល្បុក្កតោ និងឧបករណ៏សម្រាប់ហាត់ក្បាច់គុនដើម្បីដាក់តាំងជូនភ្ញៀវទេសចណ៍ជាតិ អន្តរជាតិ បានទស្សនាកម្សាន្តនិងបានស្គាល់ក្បាច់គុននេះ ហើយជាពិសេសគឺដើម្បីឲ្យកូនខ្មែរគ្រប់រូបបាន ស្គាល់កាន់តែច្បាស់ និងនាំគ្នានិយាយតគ្នាអំពីក្បាច់គុនល្បុក្កតោនេះជារបស់ខ្មែរតែមួយគត់ ហើយក៏ជាក្បាច់គុនអាទិទេពផងដែរ! ។
ការជួយគាំទ្រលោកគ្រូតាក្រម៉ាមាសដើម្បីទទួលបាន ជោគជ័យក្នុងដំណើរបេសកកម្មជាប្រវត្តិសាស្រ្តរបស់គាត់ នាំយកក្បាច់គុនល្បុក្កតោ ទៅដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីយ៍ យើងត្រូវនាំគ្នានិយាយ និងផ្សព្វផ្សាយអំពីក្បាច់ គុនល្បុក្កតោឲ្យបានគ្រប់ៗគ្នា ព្រោះថាគណៈកម្មការវាយតម្លៃរបស់ UNESCOUNESCO នឹងបញ្ជូនក្រុមការងារចុះមកតាមដាននិងវាយតម្លៃអំពីលក្ខណៈសម្បត្តិនៃក្បាច់គុននេះនៅក្នុងប្រទេសយើងដើម្បី រកឲ្យឃើញថា គុនល្បុក្កតោ ពិតជារបស់ខ្មែរ ដែលកូនខ្មែរគ្រប់រូបបានដឹងនិងស្គាល់គ្រប់ៗគ្នា!។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះ ក្រោមការជួយឧបត្ថម្ភពីលោកឧកញ៉ា តឹក ង៉ូយ លោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន បានចាប់ផ្ដើមថតកុនស្ដីពីក្បាច់គុនល្បុក្កតោនេះ ដែលមានចំណងជើងថា «ព្រលឹងល្បុក្កតោ» ផងដែរដើម្បីដាក់បញ្ចាំងជូនពលរដ្ឋខ្មែរ និងភ្ញៀវបរទេសបានទស្សនា៕