(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់កុមារកំព្រា ដែលគ្មានទីពឹងនោះ ក្រុមហ៊ុន ប៊្រីធីសអឹមើរីខិនថឹប៊ែកខូ (ខេមបូឌា) លីមីធីត (BAT) បានសហការគ្នានាំយកនូវសម្ភារប្រើប្រាស់ចាស់-ថ្មី រួមមាន សម្លៀកបំពាក់ សៀវភៅសរសេរ សៀវភៅអាន ប៊ិច ខ្មៅដៃ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត ដែលបម្រើដល់ការប្រើប្រាស់របស់ក្មេងនៅក្នុងមជ្ឈមណ្ឌលមួយចំនួនធំ ជូនទៅដល់អង្គការគ្រួសារថ្មី ដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីប្រគល់នេះ លោក ដានីញែល ហ្សូ អគ្គនាយកនៃក្រុមហ៊ុន ប៊្រីធីស អឹមើរីខិន ថឹប៊ែកខូ (ខេមបូឌា) លីមីធីត មានលើកឡើងថា ក្នុងនាមជាសារជីវកម្មពលរដ្ឋគំរូ យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរ រឹតចំណងមិត្តភាពជាមួយនឹងសហគមន៍ ដែលបានធ្វើប្រតិបត្តិការតាមរយៈយុទ្ធសាស្ដ្រ រយៈពេលវែងនៃកម្មវិធីទទួលខុស ត្រូវសង្គម (CSI) របស់យើង។
លោកបានបញ្ជាក់ទៀតថា ដោយឡែកថ្ងៃនេះ គឺយើងមានក្ដីសោមនស្សរីករាយ និងមានមោទនភាពក្រៃលែង ដោយបានរួមចំណែកជាមួយនឹងមជ្ឈមណ្ឌល អង្គការគ្រួសារថ្មីក្នុងបេសកកម្មសង្គ្រោះកុមារកម្ពុជា ដែលងាយរងគ្រោះជាង ២,៥០០នាក់ នៅទូទាំងប្រទេស ហើយទោះបីជាសម្ភារដែលយើង បានបរិច្ចាគក្នុងថ្ងៃនេះមិនអាច ផ្គត់ផ្គង់ដល់ក្មេងរងគ្រោះទាំងអស់ក្ដី តែនឹងរួមចំណែកក្នុងទំហំណាមួយជាក់ជាមិនខាន ហើយទាំងនេះក៏សរបញ្ជាក់ឱ្យឃើញ ពីការយកអាសារគ្នាក្នុងនាមជាជាតិសាសន៍ តែមួយរវាងបុគ្គលិករបស់យើង និងសហគមន៍ផងដែរ។
លោក ជួរ ដារ៉ុង នាយករងអង្គការគ្រួសារថ្មី បានថ្លែងដែរថា អង្គការគ្រួសារថ្មីនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ កាលពី២៧ ឆ្នាំមុននៅក្នុងជុំរំភាសខ្លួន នៅប្រទេសថៃ ដែលបានបង្កើតឡើងដោយ លោក Benoit Duchateau- Arminjon ជាជនជាតិបារាំង ហើយអង្គការមួយនេះនៅចន្លោះឆ្នាំ១៩៩២-១៩៩៣ បានវិវត្តន៍ពីជុំរំមកពីប្រទេសថៃ ចូលមកដល់ស្រុកខ្មែរផងដែរ។ អង្គការគ្រួសារថ្មីមណ្ឌលតាខ្មៅនេះជាមណ្ឌមដែលសម្រាប់គាំពារកុមារ ដែលត្រូវបានគេបោះបង់ ឬកុមារកំព្រា ដែលជាមណ្ឌលដំបូងៗ ដែលមាននៅខេត្តសៀមរាប ក្រុងសេរីសោភ័ណ្ឌ នៅបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០១៨ អង្គការគ្រួសារថ្មីមានមណ្ឌលគាំពារ រយៈពេលវែងចំនួន២ មណ្ឌលស្នាក់បណ្តោះអាសន្ន សម្រាប់កុមារចំនួន២ ផ្ទះអចិន្ត្រៃយ៍សម្រាប់កុមារចំនួន៥ ដែលមានទីតាំងនៅ ភ្នំពេញ តាខ្មៅ សៀមរាប កំពង់ចាម បាត់ដំបង ប៉ោយប៉ែត ហើយបច្ចុប្បន្នមានកុមារ ៣២១នាក់ ស្រី១៣២នាក់ បានទទួលការគាំទ្រ ហើយគិតពីដើមឆ្នាំ២០១៨ ដល់ខែតុលានេះ ជំនួយដែលកុមារទទួលបានរួមមាន កន្លែងស្នាក់នៅដោយសុវត្ថិភាព ម្ហូបអាហារ សម្លៀកបំពាក់ ការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ការទទួលបានការថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ការស្វះស្វែងពីឫសគល់ វប្បធម៌ និងសិល្បៈរបស់ខ្លួន ការស្វះស្វែងរកដំណោះស្រាយផ្សះផ្សារ និងសមាហរណកម្មឱ្យត្រឡប់ទៅរស់នៅគ្រួសារវិញ ដោយមានជំនួយគាំទ្រដល់គ្រួសារផងដែរ៕