(ភ្នំពេញ)៖ Grab ដែលជាក្រុមហ៊ុនផ្ដល់សេវាកក់ ការធ្វើដំណើរឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដាក់ចេញនូវដំណោះស្រាយថ្មី សម្រាប់ក្រុមហ៊ុននានា ជាមួយនឹងកម្មវិធីឈ្មោះថា Grab for Business ជាកម្មវិធីគ្រប់គ្រងការចំណាយក្នុងការធ្វើដំណើរ ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ ក្នុងបំណងធ្វើដំណើរទៅបំពេញការងារ នៅក្នុងរាជធានីភ្នំពេញ។
ការដាក់សម្ពោធឲ្យប្រើប្រាស់កម្មវិធីនេះ បានធ្វើឡើងបន្ទាប់ពីការសាកល្បង ដោយជោគជ័យរយៈពេល៥ខែ ជាមួយនឹងក្រុមហ៊ុនចំនួន៣០ ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ Grab ជួយដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ដល់បុគ្គលិកក្នុងបំណងចុះបំពេញការងារ និងសរុបជារួមគឺធ្វើដំណើរបានជាង១០,០០០គីឡូម៉ែត្រ ទៅកាន់ទីតាំងចំនួនជាង៦០០កន្លែងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ។ កម្មវិធី Grab for Business ជាមធ្យោបាយកាន់ តែមានផលិតភាពសម្រាប់ក្រុមហ៊ុន នានាក្នុងការគ្រប់គ្រងការចំណាយលើការធ្វើដំណើរ។
កម្មវិធីនេះ ជួយលុបបំបាត់នូវការងាររៀបចំឯកសារ សងថ្លៃចំណាយធ្វើដំណើរ និងការធ្វើរបាយការណ៍ទូទាត់ទៅឲ្យបុគ្គលិក និងជួយឲ្យក្រុមហ៊ុននានាអាច គ្រប់គ្រងកាន់តែប្រសើរ តាមរយៈការកំណត់គោលនយោបាយ ធ្វើដំណើរតាមតម្រូវការ ហើយធានាបាននូវគណនេយ្យភាពតាមរយៈរបាយការណ៍ទិន្នន័យមានតម្លាភាព ដើម្បីការពារគោលនយោបាយក្រុមហ៊ុន ជុំវិញការធ្វើដំណើរចុះបំពេញការងារ។
អ្នកស្រី ហេង សុធាវី នាយកប្រចាំប្រទេសស្ដីទី ប្រចាំកម្ពុជា បានថ្លែងថា «ក្រុមហ៊ុននានាគួរផ្ដោតការប្រើប្រាស់ធនធានរបស់ខ្លួន សម្រាប់កំណើនអាជីវកម្ម និងការបម្រើ អតិថិជនរបស់ខ្លួន។ យើងបានមើលឃើញពីឱកាស ក្នុងការផ្ដល់នូវសេវាដឹកជញ្ជូនពីមួយកន្លែងទៅ មួយកន្លែងសម្រាប់ក្រុមហ៊ុននានា ដើម្បីជួយឲ្យក្រុមហ៊ុនទាំងនោះធ្វើទំនើបកម្ម និងរៀបចំដំណើរការ គ្រប់គ្រងការចំណាយលើការដឹកជញ្ជូនតាមរយៈបច្ចេកវិទ្យារបស់ Grab»។
«កម្មវិធី Grab for Business ជួយរៀបចំតាំងពីការធ្វើដំណើរ បង្កាន់ដៃបង់ប្រាក់ និងការសងថ្លៃចំណាយ ដូច្នេះកម្មវិធី នេះផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយផ្ដល់លទ្ធភាពឲ្យផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ អាចសន្សំសំចៃពេលវេលាក្នុងការគ្រប់គ្រងការចំណាយសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុន»។ នេះជាការបញ្ជាក់បន្ថែមរបស់ អ្នកស្រី ហេង សុធាវី។
លោកស្រីបន្ដថា ធ្វើឲ្យការងារគ្រប់គ្រងរដ្ឋបាលកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុននានា ការធ្វើដំណើរដែលកក់ជាមួយ Grab អាចត្រូវបានដាក់ថា ជាការធ្វើដំណើរក្នុងបំណងបំពេញការងារ ហើយត្រូវបានកំណត់ដាក់ជា ក្រុមនៅក្នុងកម្មវិធី Grab។ រាល់ការធ្វើដំណើរទាំងអស់នឹងត្រូវ បានបញ្ចូលទៅក្នុងគេហទំព័រ Grab for Business ដែលជាឧបករណ៍មួយ សម្រាប់ឲ្យក្រុមហ៊ុននានារៀបចំ និងគ្រប់គ្រងលើការធ្វើដំណើររបស់បុគ្គលិក៕