(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង របស់មន្ត្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី ដែលជាមន្រ្តីរាជការក្រោមឱវាទយ៉ាងច្រើនកុះករ។
ឆ្លៀតឱកាសនេះ ក្នុងនាមក្រសួងកសិកម្ម និងក្នុងនាមខ្លួនលោកផ្ទាល់ លោករដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានគាំទ្រលើកទឹកចិត្ត និងឯកភាពតាមសំណើរបស់លោករដ្ឋមន្រ្តី សុំតែងតាំងមន្ត្រីរាជការចំនួន១២រូប ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង ដែលក្នុងនោះ មានថ្នាក់អគ្គនាយករង៧រូប និងប្រធាននាយកដ្ឋាន៥រូប។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការតែងតាំង និងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការនាថ្ងៃនេះ គឺជាដំណើរការប្រព្រឹត្តទៅជាធម្មតា នៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួងស្របតាមតម្រូវចាំបាច់ នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើនទាំងចំណេះដឹង និងបទពិសោធន៍របស់មន្ត្រីរាជការ ហើយដែលតម្រូវឲ្យមានការប្តូរផ្លាស់ ដើម្បីឲ្យសមស្របតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឍន៍រីកចម្រើន នៃសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន។
លោកថា តំណែងនេះ គឺបានមកពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដែលមន្រ្តីទាំងអស់នោះ បានចំណាយពេលវេលា ព្រមទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ មនសិការ និងយកស្មារតីទទួលខុសត្រូវ បំពេញការងារជូនក្រសួងក្នុងរយៈពេលកន្លងមក។
ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំការងារ និងការទទួលខុសត្រូវ លោករដ្ឋមន្រ្តី បានធ្វើការណែនាំ និងក្រើនរំលឹកមេរៀនល្អ សម្រាប់ជាត្រីវីស័យយកទៅបំពេញតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួង ប្រគល់ជូនឲ្យទទួលបានជោគជ័យបន្ថែមទៀត ដែលមានខ្លឹមសារដូចខាងក្រោម៖
១៖ ត្រូវយកចិត្តទុកដាក់ និងពុះពារជម្នះនូវឧបសគ្គ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការងារដែលយើងធ្លាប់ជួបប្រទះ ជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួនបន្ថែមទៀត ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។
២៖ ការពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និងធានាការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការរៀបចំ ចាត់ចែង ដឹកនាំ និងគ្រប់គ្រង គឺជារបបការងារ ដែលតម្រូវឲ្យមន្ត្រីដឹកនាំមានលក្ខណសម្បត្តិមូលដ្ឋានរួមមាន៖ មានសមត្ថភាពជំនាញវិជ្ជាជីវៈ បទពិសោធន៍ ស្មារតីសមូហភាពចូលរួមបុគ្គលទទួលខុសត្រូវ សីលធម៌ គុណធម៌ និងមេត្តាធម៌ប្រកបដោយសមានចិត្តចែករំលែក ស្គាល់សុខទុក្ខសហការី ចូលរួមការងារអភិវឌ្ឍន៍សហគមន៍សង្គម និងមានទំនាក់ទំនងល្អជាមួយមហាជន។
៣៖ ការផ្លាស់ប្ដូរឥរិយាបថ អ្នកផ្ដល់យោបល់ អ្នកប្រឹក្សាយោបល់ ការសម្របសម្រួល និងភាពប៉ិនប្រសព្វក្នុងការទំនាកទំនង គឺជាកត្តាសំខាន់ៗ នៃការផ្តល់សេវាសាធារណៈ ហើយជារួមត្រូវមាន «ចរិកមហាជន» ពោលគឺត្រូវ ផ្សព្វផ្សាយជាសាធារណៈ នូវព័ត៌មានទាក់ទងនឹងបច្ចេកទេសជំនាញរបស់អង្គភាពនីមួយៗ ឲ្យទូលំទូលាយនិងចំគោលដៅក្នុងគោលបំណង ដើម្បីចែករំលែកនូវចំណេះដឹងបច្ចេកទេសថ្មីៗ និងបទពិសោធន៍ល្អៗ។ ត្រូវរួមគ្នាផ្តល់ជាគំនិត និងរកវិធីសាស្ត្រដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងជាយថាហេតុនៅក្នុងអង្គភាព និងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។
៤៖ ត្រូវខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត លិខិតក្រោមច្បាប់ឲ្យបានទាន់ពេលវេលា សមស្របតាមតម្រូវការចាំបាច់ និងដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងត្រូវយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព។
៥៖ ត្រូវយកចិត្តទុកដាក់ និងត្រូវតែដឹងពីកាតព្វកិច្ចដ៏សំខាន់មួយទៀត គឺការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមិនឲ្យលើសពី១ខែឡើយ បន្ទាប់ពីថ្ងៃចុះហត្ថលេខា និងឡាយព្រះហត្តលេខា តែងតាំងនៅអង្គភាពប្រឆាំងអំពើពុករលួយ៕