(សៀមរាប)៖ មជ្ឈមណ្ឌលកម្សាន្ដ The Heritage Walk ធំជាងគេដំបូងបង្អស់នៅក្នុងខេត្តសៀមរាប ដែលវិនិយោគដោយក្រុមហ៊ុន Metro Lifestyle Development របស់កូនខ្មែរ ស្ថិតនៅលើផ្ទៃដីប្រមាណជាង៧,០០០ម៉ែត្រការ៉េ ចំកណ្តាលបេះដូងនៃទីក្រុងទេសចរណ៍វប្បធម៌លំដាប់ពិភពលោក បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ពិធីបើកសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី លោកស្រី ពេជ ចន្ទមុនី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មេត្រូ ឡាយស្តាឌីវើលុបមិន (Metro Lifestyle Development) និងថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោកស្រី ធៀង កតិកា ប្រធានប្រតិបត្តិក្រុមហ៊ុន Metro Lifestyle Development ក្នុងពិធីសម្ពោធបើកឲ្យដំណើរការមជ្ឈមណ្ឌលហេរីថេកវ៉ក (The Heritage Walk) បានឲ្យដឹងថា មជ្ឈមណ្ឌលកម្សាន្ត The Heritage Walk ស្ថិតនៅលើផ្ទៃដីប្រមាណជាង៧,០០០ម៉ែត្រការ៉េ ហើយស្ថិតនៅចំកណ្តាលបេះដូង នៃទីក្រុងទេសចរណ៍វប្បធម៌លំដាប់ពិភពលោក។ ទីតាំងនេះផ្តល់នូវភាពងាយស្រួលសុវត្ថិភាព ផាសុខភាព អមដោយដើមឈើធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ គួរជាទីមនោរម្យ។
មជ្ឈមណ្ឌល The Heritage Walk ពុំមែនផ្សារទំនើបទេ តែជាមជ្ឈមណ្ឌលកម្សាន្តបែបប្រមូលផ្តុំមួយដែលផ្តល់នូបបរិយាកាសដ៏ប្រពៃ និងបរិស្ថានល្អ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែកម្សាន្ត ទទួលទានអាហារ ទស្សនាខ្សែភាពយន្ត ទិញនូវទំនិញផ្សេងៗ សម្រាប់មនុស្សគ្រប់វ័យ ដែលបើកដំណើរការចាប់ពី ម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។ ក្នុងនោះដៃគូរពាណិជ្ជសុទ្ធតែមានបទពិសោធន៍ នៅក្នុងទីផ្សារ ក៏ដូចជាម៉ាកល្បីៗ លំដាប់អន្តរជាតិ ចូលរួមបង្ហាញបើកទីតាំងនេះផងដែរ រួមមានជាង៥០ហាង
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់ភាគហ៊ុនខ្មែរផ្ទាល់ ក្នុងការវិនិយោគមជ្ឈមណ្ឌល ហេរីថេកវ៉ក (The Heritage Walk) ហើយសូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលដ៏ថ្មីស្រឡាងនៃវិស័យទេសចរណ៍មួយនេះ របស់ខេត្តសៀមរាប ដែលត្រូវបានសាងសង់ឡើងដោយគោរពតាមរចនាបទរបស់ខ្មែរ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ជុំវិញការសម្ពោធដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលនាពេលនេះ គឺពិតជាបានរួមចំណែកដល់កិច្ចការ អភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់ ជាពិសេសបានផ្តល់ការងារ ជូនកម្មករនិយោជិតក្នុងខេត្តជាង១,០០០នាក់។
ទន្ទឹមនឹងការវិឌ្ឍន៍ឈានឡើងឥតឈប់ឈរ គេសង្កេតឃើញ ថាផ្សារទំនើបៗ ជាច្រើនបាននិងកំពុងតែមានការរីកដុះដាលនៅកម្ពុជា ក្នុងនោះខេត្តសៀមរាប ក៏មានការរីកចម្រើនផងដែរ។
លោក ឃឹម ប៊ុនសុង ក៏បានធ្វើការផ្ដាំផ្ញើថា ដើម្បីជំរុញលើការប្រកួតប្រជែង ផ្សារទំនើបនីមួយៗ ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការចាប់យកអតិថិជនរបស់ខ្លួន ពិសេសគឺការអភិវឌ្ឍនូវអ្វីដែលថ្មី សម្រាប់បំពេញសេចក្ដីត្រូវការរបស់អតិថិជន។ ទន្ទឹមនឹងនោះ លោកបានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ម្ចាស់មជ្ឈមណ្ឌលហេរីថេកវ៉ក (The Heritage Walk) រួមមាន៖ ត្រូវពង្រឹងគុណភាពសេវាកម្ម, ត្រូវបន្តចូលរួម ដល់កិច្ចការពារបរិស្ថាន ដើម្បីនិរន្តរភាពគោលដៅទេសចរណ៍ស្អាត និងបៃតង និងត្រូវចូលរួមដល់ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក៕