(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្ដីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្ដីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការអង្គជំនុំជម្រះ វិសាមញ្ញា ក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) បានបង្ហាញនូវក្តីសង្ឃឹមថា ការប្រកាសសាលក្រមនៃសំណុំរឿង០០២ ដំណាក់កាលទី២ ដែលសម្រេចដាក់ពន្ធនាគារជនជាប់ចោទ២រូប គឺ នួន ជា និង ខៀវ សំផន ដែលជាចំណែកចូលរួមជួយរំលែកនូវការឈឺចាប់ និងទុក្ខវេទនារបស់ជនរងគ្រោះ ដោយសារឧក្រិដកម្មប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។
ការបង្ហាញចំណាប់អារម្មណ៍របស់លោកឧបនាយករដ្ឋមន្រ្ដីយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីប្រកាសសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនដល់អ្នកដែលរស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យថា ថ្ងៃនេះប្រជាជនកម្ពុជា និងពិភពលោកទាំងមូល សូមរំលឹកចងចាំដល់អ្នកដែលបានចែកឋានទៅ ព្រមទាំងអ្នករងគ្រោះ ដោយសារឧក្រិដកម្មនៃរបបនោះ។ យើងសង្ឃឹមថា ការជំនុំជម្រះក្ដី និងការប្រកាសសាលក្រម នៃសំណុំរឿង០០២ ដំណាក់កាលទី២នេះ ពិតជាអាចរំលែកនូវការឈឺចាប់ និងទុក្ខវេទនារបស់អស់លោក-លោកស្រីបានខ្លះជាក់ជាពុំខាន»។
ឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា សំណុំរឿង០០២ ត្រូវបានចាត់ថា ជាសំណុំរឿងសំខាន់ជាងគេបង្អស់ក្នុងសាវតា នៃប្រព័ន្ធយុត្តិធម៌អន្ដរជាតិ ដោយហេតុថា សាលាក្ដីបានចោទ ប្រកាន់ មេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យចំនួន៤រូបតែម្ដង។ តែគួរឲ្យស្ដាយជនជាប់ចោទ២រូប គឺលោក អៀង សារី និងលោកស្រី អៀង ធិរីទ្ធ មិនបាននៅរស់ ដើម្បីប្រឈរមុខចំពោះតុលាការទេ ខណៈដែលជនរងគ្រោះជាច្រើនទៀត ក៏បានលាចាកលោកពុំបានឃើញយុត្តិធម៌ សម្រាប់ពួកគេនៅឡើយ។
សូមបញ្ជាក់ថា សវនាការដេញដោលពិនិត្យភស្តុតាងសំណុំរឿង ០០២/០២ បានចាប់ផ្តើមដោយការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋាន បិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង មានរយៈពេលសរុបចំនួន ២៨៣ថ្ងៃ។
ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន១៨៥នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦៣នាក់ និងអ្នកជំនាញចំនួន៨នាក់។ សវនាការនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាមដានសវនាការនេះដោយផ្ទាល់ សរុបចំនួន ៨២,៧៨០នាក់។
ជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង ០០២/០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុដូចតទៅ៖ ការដ្ឋានការងារ និងសហ- ករណ៍ (សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១ មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង) មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស (មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល) អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តិចំពោះពុទ្ធសាសនិកជន និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។
អង្គជំនុំជម្រះក៏បានបើកសវនាការដេញដោលពិនិត្យភ័ស្តុតាងលើការចោទប្រកាន់អំពីលក្ខណៈនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋសង្គមនិយមវៀតណាម តួនាទីរបស់ជនជាប់ចោទនៅក្នុងរដ្ឋាភិបាល រួមទាំងភ័ស្តុតាងស្តីពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕