(ភ្នំពេញ)៖ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គិតមកដល់ពេលនេះ ស្ថាប័នរដ្ឋបានជ្រើសរើសជនពិការចូលបម្រើការងារជិតគ្រប់តាមច្បាប់កំណត់ហើយ ប៉ុន្តែវិស័យឯកជន នៅខ្វះនៅឡើយ បើទោះបីជាមានការចូលរួមច្រើនហើយក៏ ហេតុនេះតទៅនេះ កិច្ចការចម្បងគឺជំរុញឱ្យវិស័យឯកជនបន្ថែមការជ្រើសរើសជនពិការចូលបម្រើការងារឱ្យបានច្រើនថែមទៀត ។
លោក សែម សុខា បានបន្ថែមថា ក្រសួងនឹងជំរុញវិស័យឯកឱ្យបង្កើនការជ្រើសរើសជនពិការចូលបម្រើការងារឱ្យបានច្រើនបន្ថែមទៀត ដ្បិតជនពិការដែលត្រូវបានជ្រើសរើស ឱ្យចូលបម្រើការងារក្នុងវិស័យឯកជន គឺនៅទាបនៅឡើយ បើធៀបទៅនឹងភាគរយដែលតម្រូវដោយច្បាប់ ។
លោក សែម សុខា បានលើកឡើង នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់ សិទ្ធិជនពិការដល់ខណ្ឌទាំង១២ និង បណ្តាវិស័យឯកជន ស្ថិតនៅរាជធានីភ្នំពេញ ដែលរៀបចំនៅឯក្រសួងសង្គមកិច្ច នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ចំណែកលោក សែម សុខបញ្ញា ប្រធានរដ្ឋបាលសិទ្ធិជនពិការ បានឲ្យដឹងថា កន្លងមកនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានបញ្ជ្រាបច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការនេះ ទៅស្ថាប័នរដ្ឋ និង ឯកជនច្រើនគួរសមហើយ។ ទោះយ៉ាងណា នាយកដ្ឋាន នឹងបន្តជំរុញក្រសួងស្ថាប័នរដ្ឋ និងផ្នែកឯកជនឲ្យទទួលជនពិការចូលបម្រើការងារ តាមអត្រាកំណត់ដូចមានចែង ក្នុងអនុក្រឹត្យស្តីពីការជ្រើសរើសជនពិការ ចូលបម្រើការងារ។
សូមជម្រាបថា ច្បាប់ពីស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការបានចែងថា ស្ថាប័នរដ្ឋត្រូវជ្រើសរើសជនពិការ ២ ភាគរយ ចំណែកស្ថាប័នរដ្ឋត្រូវជ្រើសរើសជនពិការ ១ ភាគរ នៃ បុគ្គលិករបស់ស្ថាប័នទាំងនោះឱ្យចូលបម្រើការងារ។ លោក សែម សុខា បានបន្ថែមថា គិតត្រឹមឆ្នាំ២០១៨នេះ ជនពិការបានចូលបម្រើការងារសរុប៥៨៦៨នាក់ ក្នុងនោះក្រសួងស្ថាប័នរដ្ឋ៤៤៧១នាក់ ស្មើនឹង ១,៩៣ ភាគរយ និងចំនួន៣៤៧៥នាក់ បានសេចក្តីថា ស្ថាប័នរដ្ឋបានអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការបានជិតគ្រប់ចំនួនហើយ ប៉ុន្តែនៅឡើយតែវិស័យឯកជន៕