(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅជិតបុរីឌឹផ្លរ៉ា មានទីតាំងស្ថិតនៅតាមបណ្តោយ៧មករា បត់ទៅភូមិចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បាននាំគ្នារិះគន់ដល់ម្ចាស់ «បុរីឌឹផ្លរ៉ា» ដែលយករថយន្តធុនធំៗ បើកឆ្លងកាត់ផ្លូវមុខលំនៅឋានរបស់ពួកគាត់ បណ្តាលឲ្យរងការខូចខាត ពិបាកនៅក្នុងការធ្វើដំណើរ ហើយរដូវក្តៅវិញហ៊ុយចូលពេញក្នុងផ្ទះ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ម្ចាស់បុរីឌឹផ្លរ៉ា បានសាងសង់នៅអគារផ្ទះលែ្វង ផ្ទះវីឡា វីឡាភ្លោះ ជាច្រើនល្វែងច្រើនខ្នង តែគាត់មិនបានឲ្យរថយន្តដែលដឹកដែក ដឹកថ្ម ដឹកឥដ្ឋ ឬរថយន្តក្រឡុកស៊ីម៉ងត៍ កាត់បើកចូលនៅក្នុងបុរីនោះឡើយ គឺឲ្យបើកនៅផ្លូវរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យរងការខូចខាត ដោយកន្លែងខ្លះទៀត ជង្ហុកដូចថ្លុកក្របីមានដក់ទឹក និភក់ក៏មានដែរ។
ពួកគាត់បានបន្តថា កន្លងទៅប្រជាពលរដ្ឋ បានសុំការអន្តរាគមន៍ពីចៅសង្កាត់ ដើម្បីកុំឲ្យរថយន្តធំៗ របស់់បុរីឌឹផ្លរ៉ាបើកកាត់នៅលើផ្លូវរបស់ពួកគាត់ ពោលគឺបើកនៅក្នុងបុរីចុះ តែការស្នើរសុំរបស់គាត់បានត្រឹមតែអាជ្ញាធរឲ្យគ្រឿងចក្រ ឈូសបង្ហាប់បានតែបន្តិចលើកក្រោយខូចលើសដើម។
បុរីឌឹផ្លរ៉ា ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារនេះ បានសាងសង់នៅ បុរីជាច្រើនល្វែង ហើយកន្លែងខ្លះជាវិឡា ភ្លោះដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ តែ បែរជាប្រើប្រាស់រថយន្តធុនធំៗ ដូចជា៖ រថយន្តក្រឡុកស៊ីម៉ងត៍ រថយន្តដឹកឥដ្ឋ ដឹកដែកមកបំផ្លាញផ្លូវរបស់ប្រជាពលរដ្ឋទៅវិញ។
ប្រជាពលរដ្ឋ សូមណូមពរដល់អភិបាលខណ្ឌជ្រោយចង្វារ ឃ្លាំង ហួត មេត្តា ឲ្យមន្រ្តីជំនាញចុះមកពិនិត្យផ្លូវរបស់ប្រជាពលរដ្ឋ ដែលជាប់នឹងបុរីឌឹផ្លរ៉ាខាងលើនេះផង។ ផ្លូវ១ខែ្សដែលរងការខូចខាត ខាងលើ នេះចាប់ពីចិញ្ចើមផ្លូវជាតិលេខ៦ចូលទៅ ខាងក្នុងប្រហែលជា២គីឡូ ដោយសារតែការដឹកលើសទម្ងន់របស់រថយន្តធំៗចូល ទៅក្នុងបុរីឌឹផ្លរ៉ានេះ៕