(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់កុមារ ក្នុងការកាត់បន្ថយអត្រា នៃការស្លាប់នៅក្នុងប្រទេសកម្ពុជា តាមវីរភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Master Suki Soup បាននាំយកថវិកា ៨០លានរៀល ជួយឧបត្ថម្ភដល់មន្ទីររពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ការព្យាបាលរបស់កុមារ។
ពិធីប្រគល់ប្រាក់មូលនិធិជូនមន្ទីររពេទ្យគន្ធបុប្ផានេះ ធ្វើឡើងក្រោមអធិបតីលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា និងលោក លី សេងឃុង តំណាងក្រុមហ៊ុន Master Suki Soup រួមទាំងបុគ្គលិកនៃក្រុមហ៊ុន Master Suki Soup ជាច្រើនអ្នកផងដែរ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
នៅក្នុងពិធីទទួលថវិកាសប្បុរសធម៌នេះ លោក នង ពិសិដ្ឋ និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណគុណដល់ក្រុមហ៊ុន Master Suki Soup ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃ ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ដើម្បីធានាដល់និរន្តរភាពនៃប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកម្មពនិត្យ ពិគ្រោះ និងព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារដែលមានអាយុ១៥ឆ្នាំចុះ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនពរដល់ក្រុមហ៊ុន Master Suki Soup ទទួលបានជោគជ័យបន្ថែមទៀត ក្នុងការប្រកបអាជីវកម្ម មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយកៀរគរថវិកាបរិច្ចាគ ពីគ្រប់មជ្ឍដ្ឋាន ស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាអង្គភាពស្របច្បាប់តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ក្នុងការប្រមូលថវិកាបរិច្ចាគ ដើម្បីទ្រទ្រដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា សូមរួមគ្នាដើម្បីនាំមកនូវភាពញញឹម ដល់កុមារដែលជាអនាគត់ដ៏ភ្លឺស្វាងរបស់កម្ពុជា។
លោក លី សេងឃុង បានឱ្យដឹងដែរថាការចូលរួមមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺជាលើកទី៣ហើយ សម្រាប់ក្រុមហ៊ុន Master Suki Soup ហើយការចូលរួមមូលនិធិនៅថ្ងៃនេះ គឺដើម្បីចូលរួមចំណែក ក្នុងការជួយលើកស្ទួយសុខុមាភាពកុមារ នៅកម្ពុជា និងជាការជួយទ្រទ្រង់ មន្ទីរពេទ្យនេះ ឱ្យមាននិរន្តភាព កាន់តែយូរអង្វែងតទៅមុខទៀត ព្រោះមន្ទីរពេទ្យគន្ធបុប្ផានេះ គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយសង្គ្រោះដល់កុមារនៅកម្ពុជា ដែលកុមារទូទាំងខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា បានមកសម្រាកព្យាបាលដោយឥតគិតថ្លៃ ហើយចំពោះកាព្យាបាល គឺប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយមន្ទីរពេទ្យនេះ ក៏បានចូលរួមចំណែកកាត់បន្ថយ អត្រាស្លាប់របស់កុមារ បានចំនួនយ៉ាងច្រើនផងដែរ។
លោកក៏បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចូលរួមចំណែក ក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជានេះ អាចចូលរួមទាំងអស់គ្នា ទៅតាមលទ្ធភាពដែលខ្លួនមាន នៅក្នុងប្រអប់មូលនិធិនៅមន្ទីរពេទ្យគន្ធបុប្ផាតែម្តង ឬក៏អាចចូលរួមតាមប្រអប់ មូលនិធិគន្ធបុប្ផា នៅតាមសាខា របស់ក្រុមហ៊ុន ដែលមាននៅគ្រប់សាខាទាំងអស់ផងដែរ។
សម្រាប់ព័ត៌មានលំអិត៖ ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧, ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨, ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ ០៦១ ៧០១ ១១១, ០៩៦ ៧០១ ១១១១, ០៩៦ ៨៨៨ ០៧២៕