(ស្វាយរៀង)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី និងនាយឧត្តមសេនីយ៍ ម៉ឺង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយនៅព្រឹកថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៨នេះ បានដង្ហែរអង្គកឋិនទានទៅវត្តបទុមរង្សីហៅ វត្តចេក ស្ថិតក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រមូលបច្ច័យបានចំនួនជិត៤០លានរៀល ដើម្បីទុកសម្រាប់កសាងសមិទ្ធផលនានា នៅក្នុងទីអារាមវត្តមួយនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។
បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សាបុណ្យកឋិន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកក្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ដូចជា៖ បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្តនៅតាមដងទន្លេ គេជិះទូក ឬកាណូត។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល និងការពារបាននូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមកម្ពុជា ធានាបាននូវវិបុលសុខ និងភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋ៕