Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្អើលអ្នកក្រុងដូនកែវ ខេត្តតាកែវ ក្រោយភរិយាអធិការនគបាលក្រុងដូនកែវ បង្ហោះសារតាមហ្វេសប៊ុក រឿងប្តីប្រើហិង្សាលើខ្លួន

16-11-2018 10:51

(តាកែវ)៖ លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ ត្រូវបានប្រពន្ធរបស់ខ្លួនគឺអ្នកស្រី ពៅ សុភាព ហៅក្អៀប បានបង្ហោះសារតាមបណ្ដាញសង្គម Facebook ថាបានប្រើអំពើហិង្សាលើរូបនាង កាលពីយប់ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៨នេះ។

នៅលើបណ្ដាញសង្គម Facebook ម្ចាស់ Account Pouv Sopheap ដែលគេដឹងថា ជាប្រពន្ធអធិការក្រុងដូនកែវ លោក ឆាយ សាវុធ បានសរសេររៀបរាប់ថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ប្តីរបស់ខ្លួន បានបញ្ចេញស្នាដៃរបស់ខ្លួនអួតស្រីស្នេហ៍ ដោយលើកដៃវ៉ៃប្រពន្ធ ដែលតាមទាន់។ អ្នកស្រី ក៏បានស្នើឲ្យមឹត្តភ័ក្រនៅក្នុងបណ្ដាញសង្គម Facebook ជួយចែករំលែក «Share» តៗគ្នាផងដែរ។

ឆ្លើយតបទៅនិងការលើកឡើងរបស់ Account Facebook Pouv Sopheap លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ ខេត្តតាកែវ បានថ្លែងទទួលស្គាល់ថា លោកពិតជាបានប្រើអំពើហិង្សា លើប្រពន្ធពិតប្រាកដមែន ដោយលោកបានទះនាងមួយកំភ្លៀង ហើយមូលហេតុ នៃការប្រើអំពើហិង្សារនេះ គឺបណ្ដាលមកពីប្រពន្ធរបស់លោក បានបើករថយន្តបុករថយន្តរបស់លោក ឲ្យខូចខាតគូថឡានខាងក្រោយ។

តែទោះជាយ៉ាងណា លោកអធិការក្រុងដូនកែវ ក៏បានអះអាងថា នេះជារឿងគ្រូសារផ្ទាល់ខ្លួនរបស់លោក ហើយលោកនឹងធ្វើការដោះស្រាយគ្នា ក្នុងរង្វង់គ្រូសារមិនឲ្យមានបញ្ហាវែង ឆ្ងាយតទៅទៀតនោះទេ។

បើយោងតាមការ Commment នៅលើការបង្ហោះនោះ មិត្តភ័ក្រមួយចំនួន នៅក្នុង Facebook បាននាំគ្នារិះគន់លោកអធិការក្រុងដូនកែវ យ៉ាងចាស់ដៃដោយមិនគួណាដាច់ចិត្តលើកដៃវ៉ៃប្រពន្ធនោះទេ ដោយឡែក មិត្តភ័ក្រខ្លះទៀតក៏បានលើកឡើងថា មិនគួណាបង្ហោះរឿងគ្រូសារ ដែលឈ្លោះគ្នាតិចតួចនោះទេ មានការអីជជែកគ្នាវិញ ប្រសើរជាងយកមកបង្ហោះឲ្យគេដឹងឮរឿងគ្រូសារ ផ្ទាល់ខ្លួនបែបនេះឡើយ៕