(ភ្នំពេញ)៖ ក្នុងទិវាសល្យសាស្រ្តកម្ពុជាលើកទី២៤ នៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៨ លោកសាស្រ្តាចារ្យ យិត ស៊ុណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា គ្រូពេទ្យត្រូវតែមាន សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ទើបធានាបាននូវសុខុមាលភាពពលរដ្ឋល្អប្រសើរ។
លោកសាស្រ្តាចារ្យបានបន្តថា ទិវាសល្យសាស្រ្តកម្ពុជាលើកទី២៤នេះ មានសារសំខាន់ណាស់ ចំពោះមន្រី្តសុខាភិបាលទាំងអស់ សម្រាប់ទទួលបាននូវចំណេះដឹងថ្មីៗ សមស្របតាមបច្ចេកទេសទំនើប ដែលបណ្តាប្រទេសលើពិភពលោក ក៏ដូចជា ប្រទេសជិតខាងកំពុងប្រើបា្រស់។ ទិវានេះ បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស និងគុណធម៌ គឺនាំមកនូវការកាត់ បន្ថយអត្រាមរណភាព និងការបង្កររោគនៅក្នុងមនី្ទរពេទ្យ។
លោកសាស្រ្តាចារ្យ យិត ស៊ុណ្ណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក Laurent Triponey តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រដល់គម្រោងសិក្សាស្រាវជ្រាវ និងសុំឱ្យបន្តជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្ស លើវិស័យសុខាភិបាល។
ទន្ទឹមនឹងនោះផងដែរ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ប៊ុនថា ប្រធានសមាគមសល្យសាស្រ្តកម្ពុជា បានឲ្យដឹងថា ទិវានេះ មានការចូលរួមពីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ផ្នែកសល្យសាស្រ្ត មកពីប្រទេសមួយចំនួនដូចជា៖ បារាំង អូស្រ្តាលី អាមេរិក និងប្រទេសផ្សេងទៀត ហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់គ្រូពេទ្យកម្ពុជា ទទួលបាននូវចំណេះដឹងថ្មីៗ។
លោកសាស្រ្តាចារ្យ បញ្ជាក់ទៀតថា សមាគមមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយបណ្ឌិតសភាសល្យសាស្រ្តជាតិបារាំង បានរួមគ្នាប្រារព្ធទិវាសល្យសាស្រ្តកម្ពុជា លើកទី២៤ ដើម្បីធ្វើបច្ចុប្បន្នភាព ចំណេះដឹងបទពិសោធន៍ និងបច្ចេកទេសផ្នែកវះកាត់ថ្មី ចែករំលែកគ្នាទៅវិញទៅមក ក្នុងគោលបំណងជំរុញឲ្យមានការយកចិត្តទុកដាក់ និងពង្រឹងលើកស្ទួយបច្ចេកទេសជាប់ជាប្រចាំ ដើម្បីឲ្យការផ្តល់សេវាព្យាបាល និងថែទាំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ៕