(ភ្នំពេញ)៖ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនពោរពេញដោយភាពមមាញឹករយៈពេល៣ថ្ងៃកន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ។ រយៈពេល៣កន្លងទៅ (១៣-១៥ វិច្ឆិកា) នៅលើទឹកដីសិង្ហបុរី ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ទាំងសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានដទៃទៀត ព្រមទាំងមេដឹកនាំប្រទេសពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំនេះ ដូចជាចិន ជប៉ុន កូរ៉េខាត្បូង ឥណ្ឌា រុស្ស៊ី អាមេរិក អូស្ត្រាលី កាណាដាជាដើមនោះ មានភាពមមាញឹកខ្លាំងជាពិសេសមេដឹកនាំអាស៊ានទាំង១០ តែម្តងព្រោះមានកិច្ចប្រជុំជាច្រើនត្រូវចូលរួមជាបន្តបន្ទាប់។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន»។ តាមរយៈប្រធានបទនេះ ប្រទេសសមាជិកអាស៊ានទាំងអស់ បានជជែកពិភាក្សាគ្នាផ្តោតជាសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនៃភាពរឹងមាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងតំបន់នេះផងដែរ។
បើទោះបីសហគមន៍អាស៊ានត្រូវបានវាយតម្លៃមានសាមគ្គីភាពល្អ និងមានការគោរពតម្លៃ និងផលប្រយោជន៍របស់ប្រទេសជាសមាជិកយ៉ាងណាក្តី តែបញ្ហាប្រឈមមួយចំនួនចំពោះសាមគ្គីភាពរបស់អាស៊ានក៏ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ាន លោក លី ស៊ានឡុង នាយរដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ាន បានគូសរំលេចនូវបញ្ហាគួរឲ្យកត់សម្គាល់ជាច្រើន។
ក្រៅពីការបង្ហាញនូវវឌ្ឍនភាពរបស់អាស៊ាន ភាពខ្លាំងរបស់អាស៊ាន លោក លី ស៊ានឡុង បានលើកឡើងនូវក្តីកង្វល់របស់ខ្លួនពាក់ព័ន្ធការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ន កំពុងធ្វើឲ្យប្រទេសជាសមាជិកអាស៊ានមានទិសដៅផ្សេងៗគ្នា ដើម្បីទាញយកប្រយោជន៍រៀងៗខ្លួន។
បើទោះបីមានការព្រួយបារម្ភចំពោះការបែកបាក់សាមគ្គីភាពរបស់អាស៊ានព្រោះឥទ្ធិពលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចយ៉ាងណាក្តី តែលោកនាយករដ្ឋមន្ត្រីសិង្ហបុរី នៅតែបង្ហាញក្តីរំពឹងថា ប្រទេសសមាជិកអាស៊ានទាំងអស់ នៅតែបន្តរួបរួមគ្នា ដើម្បីសម្រេចបាននូវជោគវាសនារួម។
នៅចំពោះមុខដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ នាយករដ្ឋមន្ត្រីសិង្ហបុរី បានបង្ហាញការជឿជាក់ថា អាស៊ាននឹងនៅតែមានភាពខ្លាំងក្លា ប្រសិនបើមិនបែកបាក់គ្នាទេនោះ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ «ដោយការរួបរួមគ្នានៅក្នុងសំឡេងរួម ជាជាងការបែកបាក់គ្នា សមាជិកអាស៊ានទាំងអស់មានគោលជំហរយ៉ាងរឹងមាំនៅលើពិភពលោក។ តាមរយៈអាស៊ាន យើងមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា ជាមួយនឹងការរៀបចំកិច្ចប្រជុំអាស៊ានដូចជាអាស៊ានបូកបី និង EAS ជាដើម»។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា «តាមរយៈសមារណកម្មសេដ្ឋកិច្ចរបស់យើង យើងបានជួយឱ្យប្រជាជនរបស់យើងទទួលបានផលពីវិស័យការងារនៅក្នុងតំបន់ និងពង្រឹងតម្លៃនៃសំណើរបស់អាស៊ានទៅកាន់អ្នកវិនិយោគ។ នៅថ្ងៃនេះ អាស៊ានគឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើ ពិភពលោកនៅឆ្នាំ២០៣០»។
វេទិកាកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន មិនត្រឹមតែជាពេលវេលានៃការជួបជុំរបស់មេដឹកនាំកំពូលរបស់អាស៊ានទាំង១០នោះទេ តែក៏ជាពេលវេលានៃការជួបរវាងមេដឹកនាំអាស៊ាន ជាមួយមេដឹកនាំមហាអំណាចលើពិភពលោក និងប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាច្រើនទៀត រួមមាន អាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌាជាដើម។ សម្រាប់កិច្ចប្រជុំនៅឆ្នាំនេះធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ចំពោះការអវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
តាមរយៈកិច្ចប្រជុំកំពូលអាស៊ានបូកអាមេរិក, អាស៊ានបូកចិន, អាស៊ានបូករុស្ស៊ី, អាស៊ានបូកអូស្ត្រាលី, អាស៊ានបូកជប៉ុន, អាស៊ានបូកកូរ៉េខាងត្បូង, អាស៊ានបូកឥណ្ឌា, អាស៊ានបូក៣ (អាស៊ាន បូកចិន, ជប៉ុន, កូរ៉េខាងត្បូង) និងអាស៊ីបូព៌ាជាដើម មេដឹកនាំទាំងអស់ សុទ្ធតែបានគូសរំលេចឡើងវិញនូវវឌ្ឍនភាពនៃទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម ក៏ដូចជាបញ្ហាប្រឈមរវាងដៃគូ បញ្ហាតំបន់ និងបញ្ហារបស់ពិភពលោក ដែលត្រូវរួមគ្នាដោះស្រាយ និងធ្វើឲ្យប្រសើរឡើង។
ទាំងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ សម្តេចតេជោ ហ៊ុន សែន ដូចទៅនឹងមេដឹកនាំអាស៊ានដទៃទៀតដែរ បានចូលរួមចំណែកផ្តល់នូវទស្សនទានជាច្រើន ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។
បើទោះបីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធមានរឿងជាច្រើនត្រូវជជែក និងដោះស្រាយ មានទាំងត្រជាក់ និងក្តៅយ៉ាងណាក្តី តែកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងបានចេញសេចក្តីថ្លែងការណ៍រួមប្រចាំឆ្នាំរបស់ខ្លួនផងដែរ។
ថ្លែងក្នុងពិធីបិតបញ្ចប់កិច្ចប្រជុំ លោក លី ស៊ានឡុង បានវាយតម្លៃខ្ពស់ចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលរយៈពេលពេញមួយឆ្នាំកន្លងមក បានធ្វើកិច្ចការជាច្រើនក្នុងការបម្រើផលប្រយោជន៍សម្រាប់ប្រជាជាតិក្នុងតំបន់។ ជាពិសេសរួមគ្នានោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក្នុងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្ទៃក្នុង ជាមួយបណ្តាប្រទេសក្រៅតំបន់ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានវាយតម្លៃខ្ពស់ ដែលសិង្ហបុរីបានខិតខំជម្នះដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងការឈានទៅសំរេចនូវលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២-៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បញ្ចប់ទៅប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់បំផុត។
សូមបញ្ជាក់ថា តាមរយៈគោលការណ៍ប្តូរវេនតាមតួអក្សរឡាតាំងនោះ ប្រទេសថៃ ជាប្រទេសមាជិក ដែលនឹងត្រូវទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០១៩ខាងមុខនេះ៕
ខាងក្រោមជាអត្ថបទមួយចំនួនពាក់ព័ន្ធនឹងសម្តេចតេជោ ហ៊ុន សែន ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី៖
- បញ្ហាសំខាន់ៗចំនួន៦ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣
- សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុប្រធានាធិបតីអាមេរិក ឲ្យបង្កើនទំហំពាណិជ្ជកម្មរវាងអាស៊ាន-អាមេរិក
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំ ដោយនាយករដ្ឋមន្ត្រីសិង្ហបុរី
- សម្តេចតេជោ ហ៊ុន សែន៖ ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះបានសម្រាប់អាស៊ាន (Video inside)
- មេដឹកនាំអាស៊ាន-អូស្ត្រាលី បង្ហាញក្តីរំភើបចំពោះកំណើនពាណិជ្ជកម្ម
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣