(ភ្នំពេញ)៖ ដោយសារតែក្រុមហ៊ុន CP បានចាប់ផ្តើមកាប់ជ្រូកចែកចាយ ទៅយកទៅលក់នៅតាមទីផ្សារ ក្នុងរាជធានីភ្នំពេញនោះ បានធ្វើឲ្យក្រុមអាជីវករសត្តឃាតទូទាំងរាជធានីភ្នំពេញ ជួបផលលំបាក យ៉ាងខ្លាំង ជាពិសេសនោះ មិនអាចធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនបាន។ ការមិនអាចប្រកួតជាមួយក្រុមហ៊ុនបាន ក៏ដោយសារក្រុមហ៊ុនថៃមួយនេះ ជាអ្នកចិញ្ចឹមជ្រូកផង ហើយយកមកកាប់ ចែកចាយតាមទីផ្សារផង ដូច្នេះក្រុមអាជីវករសត្តឃាត ដែលទទួលទិញជ្រូកពីក្រុមហ៊ុន មិនអាចប្រកួតប្រជែងតម្លៃលក់នៅតាមទីផ្សារបានឡើយ។
ក្រុមអាជីវករសត្តឃាតជាច្រើននាក់ បានធ្វើការតវ៉ា និងសុំជួបចរចាជាមួយក្រុមហ៊ុន CP ក្នុងរយៈពេលប្រមាណ១ឆ្នាំមកហើយ ចាប់តាំងពីក្រុមហ៊ុន ចាប់ផ្តើមកាប់ជ្រូកមកចែកចាយ នៅតាមទីផ្សារ ប៉ុន្តែការ ស្វែងរកដំណោះស្រាយមិនបានជោគជ័យនោះទេ រហូតមានការជួបប្រជុំដេញដោលគ្នាមួយ បានធ្វើឡើងនៅសណ្ឋាគារ កុងទីណង់តាល់ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
កិច្ចពិភាក្សាស្វែងដំណោះស្រាយខាងលើនេះ មានការចូលរួមពីលោក ភោគ យី ប្រធានសម្របសម្រួល, លោក យ៉ាន់ ពៅ ប្រធាការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានីភ្នំពេញ, តំណាងក្រុមហ៊ុន CP កម្ពុជាលោក សុផាត ចាន់វង្ស (Sophat Chanwong) ជាជនជាតិថៃ ព្រមទាំងអាជីវករចែកចាយ អាជីវករសត្តឃាតជិត១០០នាក់។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមអាជីវករដែលកំពុងជួបផលលំបាក បានស្នើសុំ៣ចំណុចធំៗដាក់ជូនក្រុមហ៊ុ គឺឲ្យបញ្ឈប់ជាបន្ទាន់នូវការកាប់ជ្រូកដោយខ្លួនឯង ដែលធ្វើឲ្យខាតបង់ដល់ អាជីវកររកមិនចំណេញ ហើយបើកាប់ដោយខ្លួនឯងនោះ គឺត្រូវដាក់តម្លៃដូចទៅនឹងតម្លៃដែលពួកគាត់ចែកចាយនៅតាមទីផ្សារ។
លោកស្រី ហាវ ឈួយវង ម្ចាស់អាជីវកម្មមួយរូប បានលើកឡើងថា ក្រុមហ៊ុន CP ត្រូវបញ្ឈប់ជាបន្ទាន់គឺឈប់កាប់ជ្រូកយកសាច់, ការបោះប៉ាយឲ្យមានភាពសមស្រប ព្រមទាំងសំណូមពរ ឲ្យមានការថ្លឹងជ្រូកឲ្យបានត្រឹមត្រូវ ពីព្រោះកន្លងមកបាត់គីឡូច្រើនណាស់។
លោកស្រី បានបញ្ជាក់ថែមទៀត ក្រុមហ៊ុនមានលុយច្រើនដូច្នេះជាការកៀបសង្កត់ទៅលើក្រុមអាជីវករ។ ក្រុមអាជីវករ បានកោតសរសើរចំពោះ ក្រុមហ៊ុន ម៉ុង រិទ្ធី ថាបានដំណើរការល្អណាស់ ពោលក្រុមហ៊ុនលោកឧកញ៉ា ម៉ុង រិទ្ធី មិនបានកាប់ជ្រូកយកសាច់ដោយខ្លួនឯងទេ គឺក្រុមហ៊ុនគេគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឬក្រសួងដែលបានកំណត់ដាក់ជូន។
អាជីវករជាច្រើននាក់ បានទទូចដល់ក្រុមហ៊ុន CP ឲ្យបញ្ឈប់ជាបន្ទាន់នូវករណីខាងលើនេះ បើមិនដូច្នេះទេ ពួកគាត់នឹងស្វែងរកយុត្តិធម៌ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីជួយដោះស្រាយ។
ដោយឡែក តំណាងក្រុមហ៊ុន ស៉ីភី កម្ពុជា លោក សុផាត ចាន់វង្ស មិនព្រមបកស្រាយធ្វើការជួបសំភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននោះឡើយ ខណៈដែលតំណាងមន្រ្តីបសុព្យាបាលវិញ ក៏មិនបានផ្តល់កិច្ចសំភាសន៍នោះដែរ។
បើតាមក្រុមអាជីវករ ឆ្លងតាមការសួរដេញដោល និងពិភាក្សាគ្នារួចមក ខាងមន្រ្តីបសុព្យាបាល បានលើកឡើងថា នឹងដាក់ជូនថ្នាក់លើ ដើម្បីធ្វើការដោះស្រាយបន្តទៀត៕