(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃផលិតផលស្វាយរបស់ ក្រុមហ៊ុន LBN Agriculture ដែលមានទីតាំងនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ។
តាមអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះ បានជម្រាបជូន លោករដ្ឋមន្រ្តី វេង សាខុន ឲ្យដឹងថា ក្រុមហ៊ុននេះ បានចាប់ដំណើរការ កាលពីខែឧសភា ឆ្នាំ២០១៨ ដាក់ទុនវិនិយោគប្រមាណជាង ២លានដុល្លារ មានសមត្ថភាពកែច្នៃផ្លែស្វាយ ជាផលិតផលស្វាយស្ងួត បានចំនួន ៣០០តោនក្នុងមួយខែ។
អ្នកចាត់ការដដែល បានបន្ថែមទៀតថា ជាមធ្យមក្នុង១ថ្ងៃ ក្រុមហ៊ុនប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ប្រមាណពី៦០-១០០តោនក្នុង១ថ្ងៃ ហើយ១គីឡូក្រាម ក្នុងតម្លៃ១២០០-១៦០០រៀល។ ផលិតផលសម្រេច ភាគច្រើនទាំងនោះ ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ក្នុងតម្លៃ៥.៣ដុល្លារក្នុង១គីឡូក្រាម។
បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែសង្វាក់ផលិតកម្មរួចមក លោក វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែករកទីផ្សារ ស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃ ផលិតផលស្វាយដើម្បីនាំចេញ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា សកម្មភាពនេះ គឺពិតជាបានរួមចំណែកដោះស្រាយបញ្ហាទីផ្សារស្វាយ បង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋ នៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ។
យោងលើរបាយការណ៍របស់មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុង១ហិកតា ស្វាយកែវរមៀតអាចផ្តល់ទិន្នផលជាមធ្យម១០តោន ទៅ២០តោន លក់បានតម្លៃ១០ ទៅ២០លានរៀល ក្នុងការប្រមូលផលម្តង ហើយក្នុង១ឆ្នាំអាច ប្រមូលផលបាន២ដង ដូច្នេះ១ឆ្នាំ អាចទទួលបានចំណូលយ៉ាងតិច២០លានរៀល។
ស្ថានភាពនៃកម្រិតចំណូលនេះ ដោយក្នុងករណីប្រជាកសិករមានដីដាំស្វាយមួយហិកតា អាចសន្និដ្ឋានបានថា អាចឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។
លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ផងដែរថា ទស្សនកិច្ចនាពេលនេះ គឺចង់បង្ហាញពីឱកាសដល់កសិករ ក្នុងការដាំស្វាយកែវរមៀត សម្រាប់វិនិយោគិនធ្វើការកែច្នៃ ដើម្បីនាំចេញផលិតផល សម្រេចដោយត្រូវអនុវត្ត កសិកម្មតាមកិច្ចសន្យា និងជាពិសេសគឺលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជនដែល ត្រូវរួមគ្នាជាមួយរដ្ឋ (រដ្ឋ-វិស័យឯកជន) ក្នុងការជំរុញ និងនាំយកផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
សូមបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងធ្វើការចរចាជាមួយក្រុមហ៊ុនអូស្រ្តាលី ដើម្បីការកែឆ្នៃស្វាយចន្ទិរ ហើយនាំចេញនាពេលខាងមុខ។ លោករដ្ឋមន្រ្តី បានសារទចំពោះព័ត៌មាននេះ និងបានសំណូមពរ និងលើកទឹកចិត្តឲ្យគិតគូធ្វើការកែច្នៃ ផលិតកសិកម្មផ្សេងបន្ថែមទៀត ដើម្បីនាំចេញ៕