(មណ្ឌលគិរី)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុរួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ នៅវត្ត សែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី នៅខេត្ដមណ្ឌលគិរី ។
ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសទ្ធាជ្រះថ្លា និងព្រះពុទ្ធសាសនា បានប្រគេនបច្ច័យផ្ទាល់ខ្លួនផងដែរ និងជូននូវអំណោយដល់យាយជី តាអាចារ្យវត្ត និងសិស្សានុសិស្សសរុបចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀលទៀត ។
សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយក្នុងព្រះពុទ្ធសាសនាតែងតែដឹកនាំ មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរីកចម្រើន។
កាយវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពុទ្ធសាសនានេះ ទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ ពីព្រះសង្ឃ យាយជី អាចារ្យវត្ដ និងប្រជាពុទ្ធបរិស័ទទូទៅ ។
សូមជម្រាបថា ក្រៅពីកាយវិការដ៏ថ្លៃថ្លា ក្នុងព្រះពុទ្ធសាសនា ដោយនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្ដចំនួន២ នៅខេត្ដមណ្ឌលគិរីនៅថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងរយៈពេល២ថ្ងៃមកនេះ នៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក៏បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះជិត៤ពាន់គ្រួសារផងដែរ នៅខេត្ដមណ្ឌលគិរីផងដែរ៕