(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីអាមេរិក បានចាប់ផ្តើមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ស្វែងរកអដ្ឋិធាតុ ទាហានអាមេរិក ដែលបានបាត់ខ្លួន នៅក្នុងសម័យសង្គ្រាមស៊ីវិល នៅកម្ពុជាឡើងវិញ។
ការជួបពិភាក្សាគ្នារវាងកម្ពុជា-អាមេរិក បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគា LE ROYAL រាជធានីភ្នំពេញ ដែលភាគីកម្ពុជាតំណាងដោយ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ចំណែកភាគីអាមេរិកតំណាងដោយ ឧត្តមនាវីទោ JON C. KREITZ អគ្គនាយក រងទទួលបន្ទុកបេសកកម្មចម្រុះ ដែលបានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា។
Facebook របស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ដោយអនុវត្តតាមខ្លឹមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ កម្ពុជាបានយល់ព្រមចាប់ផ្តើមឡើងវិញ នូវកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាមនៅប្រទេសកម្ពុជា ដោយក្នុងស្មារតីមេត្តា ករុណា ដូចបានធ្វើកន្លងមក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានជួបពិភាក្សាជាមួយគណៈកម្មការរុករកអដ្ឋិធាតុជនជាតិអាមេរិក (POW/MIA) ដឹកនាំដោយលោកឧត្តមនាវីទោ JON C. KREITZ អគ្គនាយក រងទទួលបន្ទុកបេសកកម្មចម្រុះ សំដៅបន្តឡើងវិញ នូវកិច្ចសហប្រតិបត្តិការ រុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួនក្នុងសង្គ្រាម។ ជាមួយគ្នានេះដែរលោកឧត្តមនាវីទោ JON C. KREITZ ក្នុងនាមក្រសួងការពារជាតិ ប្រធានសម្ព័ន្ធគ្រួសារជនជាតិ អាមេរិកបាត់ខ្លួន និងរដ្ឋាភិបាលអាមេរិក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងពេញទំហឹងឡើងវិញ ចំពោះកិច្ចការមនុស្សធម៌នេះ»។
សូមជម្រាបថា ថ្មីៗនេះ ដោយយោងលើគោលការណ៍មនុស្សធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមលិខិតថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញ នូវប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក នៅក្នុងប្រទេសកម្ពុជា ដែលការសម្រេចនេះបានឆ្លើយតបជាមួយសំណើរបស់សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys)។
កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។
គិតរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់មានប្រមាណ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋាភិបាលអាមេរិក បានសម្តែងការស្វាគមន៍ និងបានប្រកាសរៀបចំបន្តកិច្ចសហប្រតិបត្តិការ (POW/MIA) ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅក្នុងសម័យសង្រ្គាមនេះឡើងវិញ ផងដែរ។ នេះបើតាមលោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News តាមសារអេឡិចត្រូនិក៕