(បន្ទាយមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍៨កើត ខែកក្តឹក ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការបានចូលជាអធិបតីក្នុងពិធីប្រណាំងទូកង នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយប្រជាពលរដ្ឋជាង១ម៉ឺននាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា យុទ្ធសាស្រ្តឈ្នះ ឈ្នះ និងពលិកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព ប្រជាពលរដ្ឋមានការងារ ធ្វើគ្រួសាររស់នៅក្នុងជីវភាពធូរធា សម្បូរសប្បាយមានឱកាសបានចូលរួមប្រារព្វពិធីបុណ្យផ្សេងៗយ៉ាងសប្បាយរីករាយដោយគ្មានការព្រួយបារម្ភ ភិតភ័យគេចគ្រាប់ផ្លោង ដូចពីអតីតកាលឡើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់ប្រជាពលរដ្ឋទាំងអស់ នៃគ្រូសារអ្នកបន្ទាយមានជ័យដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តភាពសម្បូរសប្បាយរុងរឿងបន្ថែមទៀត។
ជាមួយនឹងភាពសប្បាយរីករាយក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយជាសម្ភារ ថវិកា សម្រាប់ប្រគល់ជូនរួមមាន៖
១.សម្រាប់ទូកជ័យលាភីទាំងអស់មាន :មី ១៤៨កេស ទឹកក្រូច ៦២កេស ទឹកបរិសុទ្ធ ១២៨កេស ថវិកា២១លាន៣០០ពាន់រៀល
២-គណ:កម្មការរៀបចំពិធីបុណ្យអុំទូកចំនួន៨ មួយៗទទួលបានថវិកា១លានរៀល
៣-កីឡាករទូក៩៨៥នាក់ ម្នាក់ទទួលបានសារ៉ុង១ ថវិកា២ម៉ឺនរៀល
៤-ឧបត្ថម្ភទូកសុវណ្ណរាជសីបារមីបន្ទាយមហានគរថវិកា២០លានរៀល(សម្រាប់មកចូលរួមប្រណាំងនៅរាជធានីភ្នំពេញ)៕