(ត្បូងឃ្មុំ)៖ អស់រយៈពេល២ថ្ងៃមកហើយ ដែលរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យសារធាតុគីមី នៅលើបន្លែផ្លែឈើ និងម្ហូបអារហារនៅតាមផ្សារ និងច្រកទ្វារព្រំដែន ក្នុងខេត្តត្បូងឃ្មុំ។
ដោយឡែកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្ត នាំយករថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងលោកអភិបាលរងស្រុកមេមត់ ព្រមទាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យបន្លែផ្លែឈើ ម្ហូបអារហារចំនួន៣២គំរូ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន នៅផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យនេះ បានធ្វើឡើងជាប្រចាំទៅតាមការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឱ្យធ្វើការពង្រឹង និងបង្កើននូវសកម្មភាព ចុះត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារ ជាពិសេសទំនិញនាំចូលតាមច្រកទ្វារ ព្រំដែនទាំងអស់ទូទាំងប្រទេស អោយដូចភ្លៀងរលឹម ដើម្បីធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។
លោកបន្តថា ក្រោយការពិនិត្យ និងវិភាគដោយ រថយន្តមន្ទីរពិសោធន៍ចល័តរបស់កាំកុងត្រូល លើបន្លែផ្លែឈើ និងម្ហូបអាហារទាំងអស់ខាងលើនោះ ក្នងចំណោម៣២គំរូ គឺមានវត្តមានសារធាតុគីមីបូរ៉ាក់ ២គំរូ នៅក្នុងផលិតផលបង្អែមលតស្វិតសរុបបរិមាណ១៥គីឡូក្រាម ត្រូវបានដកហូតភ្លាមៗ ពីអ្នកលក់២នាក់។
មន្ត្រីកាំកុងត្រូលក៏បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា បពា្ឈប់ការប្រើប្រាស់សារធាតុបូរ៉ាក់ (ទឹកអន្សារ) ដាក់ក្នុងផលិផលបង្អែមលតស្វិត ប្ញបង្អែមផ្សេងទៀត ចាប់ពីពេលនេះតទៅ ព្រោះវាបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
លោកប្រធានកាំកុងត្រុលខេត្ត បានបញ្ជាក់ទៀតថា នៅពេលក្រោយ បើសិនអាជីវរករនៅបន្តប្រើប្រាស់ជាតិ borax លើបង្អែមទៀត នឹងចាត់វិធានការ ទៅតាមនីតិវិធី៕