(កំពង់ឆ្នាំង)៖ ក្រោយទទួលបានព័ត៌មានថា កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាប និងចាប់ខ្លួនជនដៃដល់ចំនួន៨នាក់ ដែលគប់សកម្មភាពកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅពេលយប់ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុករលាប្អៀរ និងស្រុកបរិបូណ៍នោះ ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ «កាពីតូល» បានឧបត្ថម្ភថវិកាចំនួន២លានរៀល ជូនដល់នគរបាល ជាការជួយលើកទឹកចិត្ត សម្រាប់ទប់ស្កាត់អំពើមួយនេះ បានដោយជោគជ័យ។
តំណាងក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរ «កាពីតូល» បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា លោកពិតជាសប្បាយចិត្តណាស់ ដែលដឹងថា កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបក្រុមដៃដល់ទាំងនេះ ពីព្រោះកន្លងមករថយន្តរបស់ក្រុមហ៊ុន ក៏ធ្លាប់ទទួលរងគ្រោះថ្នាក់ផងដែរ ដោយសារតែពួកគេយកដុំថ្មមកគប់បែបនេះ។ ជាការលើកទឹកចិត្តនោះ ខាងក្រុមហ៊ុនដឹកដំណើរកាពីតូល បានឧបត្ថម្ភចំនួន២លានរៀល ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីទុកសម្រាប់ប្រើប្រាស់ ឬចែកជូនដល់នគរបាល ដែលពាក់ព័ន្ធបង្ក្រាបករណីមួយនេះ។
យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុនរួបនេះ ក៏បានអំពាវនាវដល់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ជួយទប់ស្កាត់ឲ្យមានប្រសិទ្ធភាពតទៅទៀត ជាពិសេសនៅតាមផ្លូវជាតិលេខ៥ ជិតម្តុំសាលាលេខ៥, ហើយក៏សូមអំពាវនាវដល់សមត្ថកិច្ចរាជធានីភ្នំពេញ-ខេត្តកណ្តាលជួយទប់ស្កាត់នៅតាមផ្លូវជាតិលេខ១ ម្តុំក្បាលកោះ និងផ្លូវជាតិលេខ៦ ម្តុំត្រំពាំងឈូក និងក្នុងស្រុកសន្ទុក។
សូមបញ្ជាក់ថា ជនដៃដល់ចំនួន៨នាក់ ក្នុងចំណោម១១នាក់ ដែលតែងតែគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋនៅតាមផ្លូវជាតិ នាពេលយប់ក្នុងភូមិសាស្រ្តរលាប្អៀរ និងស្រុកបរីបូណ៍ខេត្តកំពង់ឆ្នាំងនោះ ត្រូវបានកម្លាំងនគរបាល បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនបាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងករណីគប់កញ្ចក់រថយន្តកាលពីយប់ថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ៩៤ ទៅ១១៧ ភូមិសាស្រ្តស្រុករលាប្អៀរ និងស្រុកបរិបូណ៍ យើងចាប់ឃាត់ខ្លួនបានហើយក្នុងចំណោម១១នាក់។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់នៅតាមស្រុក ជាពិសេសស្រុកដែលមានផ្លូវជាតិ និងផ្លូវសំខាន់ៗឆ្លងកាត់នោះ ត្រូវឃ្លាំមើល និងប្រចាំការទប់ស្កាត់ អំពើល្មើសនេះ កើតឡើងទៀតនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។
បើតាមលោកស្នងការ ក្រុមជនសង្ស័យបានធ្វើសកម្មភាពទាំងនេះ គឺពួកគេមានមេក្លោងដែលជាជនញៀនថ្នាំ និងខាងចែកចាយថ្នាំញៀន ហើយចំពោះជនល្មើសទាំង៨នាក់នេះ សុទ្ធតែមនុស្សញៀនថ្នាំ ដូច្នេះហើយមេក្លោងរបស់ពួកគេ បានប្រើឲ្យធ្វើសកម្មភាពបែបនេះជាថ្នូរឲ្យថ្នាំញៀនជក់។ លោកថា ក្រុមជនល្មើសទាំងនេះ បានជិះម៉ូតូបញ្ច្រាសរថយន្ត រួចអ្នកអង្គុយក្រោយ ដែលដៃកាន់ដុំថ្មនោះ បានគប់ទៅលើរថយន្តដែលភាគច្រើនជារថយន្តដឹកទំនិញ និងរថយន្តធំៗ។
ចំពោះករណីនេះ បានបណ្តាលឲ្យព្រូរថយន្តម្នាក់ រងរបួសធ្ងន់ដោយសារត្រូវនឹងដុំថ្ម។ សកម្មភាពរបស់ពួកគេបានធ្វើឡើងខ្លាំង នៅយប់ថ្ងៃទី១២-១៣ ខែវិច្ឆិកា ហើយនៅយប់មិញ ប្រុងធ្វើសកម្មភាពបន្តទៀត តែត្រូវបានកម្លាំងនគរបាលរបស់លោកទប់ស្កាត់ទាន់ពេលវេលា។ នេះបើតាមលោកស្នងការ បានបញ្ជាក់បន្ថែម។
សម្រាប់ជនសង្ស័យទាំង៨នាក់ កំពុងស្ថិតក្រោមការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យជំនាញនគរបាលខាងគ្រឿងញៀន ធ្វើតេស្ត និងបន្ថែមបទល្មើសទៀត ខណៈជនសង្ស័យ៣នាក់ទៀត កំពុងរត់គេចខ្លួន។ ជនសង្ស័យទាំងនេះ មានស្រុកកំណើត និងរស់នៅឃុំផ្សារ ស្រុកបរិបូណ៍ ក្រោយការចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ដូចជាដុំថ្ម និងម៉ូតូដែលជិះធ្វើសកម្មភាព៕