(ភ្នំពេញ)៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០១៨នេះ គិតពីខែមករា-តុលា កម្ពុជាមានភ្ញៀវទេសចរឆ្លងកាត់តាមអាកាសយានដ្ឋានអន្ដរជាតិទាំង៣ ជិត៨.៥លាននាក់ កើនឡើងចំនួន២១.៧% បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៧ ដែលមានត្រឹមតែ៧លាននាក់ប៉ុណ្ណោះ។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រី ធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមសិក្ខាសាលាស្ដីពី «ការតភ្ជាប់ការហោះហើរ កាលានុវត្តភាព និងការប្រឈម» ដែលមានការចូលរួម ពីមន្រ្ដីនៃប្រទេសកម្ពុជា, ឡាវ, ភូមា និងចិន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ទៀតថា សម្រាប់ចំនួនជើងហោះហោះហើរក្នុងឆ្នាំនេះ ក៏មានការកើនដែរ បើធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៨ ជើងហោះហើរមានចំនួន ៧២,៧៨៧ កើនឡើង២០% បៀបធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ៦០,៦៣៦ប៉ុណ្ណោះ ហើយទំនិញវិញ ក៏មានការកើនឡើងដែរ ឆ្នាំនេះមានចំនួន ៥៥,៣២៤តោន កើនឡើង១៩% ខណៈឆ្នាំ២០១៧មានត្រឹមតែ៤៦,៦៧៥តោន»។
ជាមួយនឹងការរីកចម្រើន នៃអាកាសយានដ្ឋានរបស់កម្ពុជានេះ ទើបអាកាសចរស៊ីវិលបានប្រមូលផ្ដុំមន្រ្ដីរបស់កម្ពុជា, ឡាវ, ភូមា និងចិន ចូលរួមសិក្ខាសាលាស្ដីអំពី «ការតភ្ជាប់ការហោះហើរ កាលានុវត្តភាព និងការប្រឈម» ដោយសិក្ខាសាលានេះ ធ្វើឡើង ដើម្បីសិក្សាពីគម្រោងលើកកម្ពស់ការតភ្ជាប់រយៈពេល១ឆ្នាំកន្លះ ក្រោមជំនួយឧបត្តមគាំទ្ររបស់ប្រទេសចិន។
គម្រោងលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសកម្ពុជា, ឡាវ, ភូមា និងចិននេះ ធ្វើឡើងក្នុងគោលបំណងជួយដល់ប្រទេសទាំង៣ ក្នុងការតភា្ជប់ផ្លូវអាកាសឆ្ពោះទៅ ឬត្រឡប់មកពីប្រទេសចិន។
លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ថា អាកាសយានដ្ឋានកម្ពុជា មានការតភ្ជាប់ជើងហោះហើរ ទៅកាន់ទីក្រុងនៃប្រទេសចិន។ បច្ចុប្បន្នកម្ពុជាមាន២៨គោលដៅ ចេញពីអាកាសយានដ្ឋានអន្ដរជាតិទាំង៣ រួមមាន១៦គោលដៅចេញពី អាកាសយានដ្ឋានសៀមរាប ទៅប្រទេសចិន, ១២គោលដៅចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និង១២គោលដៅ និងចេញពីអាកាសយានដ្ឋានអន្ដរជាតិព្រះសីហនុ សរុបមកជើងហោះហើរចំនួន៣៤៣ជើង ក្នុង១សប្ដាហ៍ ដែលប្រតិបត្តិដោយក្រុមហ៊ុនអាកាសរចណ៍ក្នុងស្រុក៦ និងក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិចំនួន១០ គិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ៕