(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី (Asian Welfare Lotteries Co.,Ltd ) បានបើកសម្ពោធសាខាទី១ ជាផ្លូវការហើយក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅផ្ទះ លេខ ១៤A ផ្លូវទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ពិធីសម្ពោធនេះរៀបចំឡើង រយៈពេល៣ថ្ងៃ គឺនៅថ្ងៃ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៤ ដល់ម៉ោង៦ល្ងាច ខណៈដែលសាខាផ្សេងទៀត នឹងរៀបចំបើកជាបន្តបន្ទាប់ទៀតផងដែរ។
ពិធីបើកសម្ពោធសាខាទី១ របស់ក្រុមហ៊ុនឆ្នោតសំណាងអាស៊ីនេះ ធ្វើឡើងក្រោមអធិបតី លោក ហេង ភក្តី នាយកគ្រប់គ្រងនៃក្រុមហ៊ុនឆ្នោតសំណាងអាស៊ី លោក ឈិន ឡាក់គី ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី រួមទាំងអាជ្ញាធរពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
លោក ឈិន ឡាក់គី បានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនឆ្នោតសំណាងអាស៊ី ជ្រើសរើសទីតាំងទី១នៅទួលពង្រនេះ គឺដោយបានមើលឃើញពីសក្តានុពល នៃអ្នករស់នៅទីនេះមានច្រើន ហើយដើម្បីចែករំលែកពីបទពិសោធន៍ និងគោលការរបស់ក្រុមហ៊ុន ទៅដល់អតិថិជនដែលជាអ្នករស់នៅទីនេះផងដែរ ដោយក្រុមហ៊ុនគឺមានគោលការ បញ្ចេញភាពត្រូវដល់អតិថិជនរហូតដល់ ៧០ភាគរយនៅក្នុងទីផ្សារផងដែរ។ លោបានបញ្ជាក់ថា ចំពោះការលក់ចាប់ពីថ្ងៃបើក រហូតមកដល់ការសម្ពោធជាផ្លូវការនេះ គឺមានការកើនឡើង នៃចំនួនអ្នកទិញជាលំដាប់ផងដែរ ហើយសង្ឃឹមថា បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះហើយ និងមានអតិថិជនកើនឡើងជាច្រើនទៀតផងដែរ។
លោកបានបញ្ជាក់ទៀតថា ការបង្កើតឆ្នោតនេះមិនមែនត្រឹមតែយកចំណូល ដែលរកបានមកផ្គត់ផ្គង់ក្រុមហ៊ុន មួយមុខនោះទេ ដោយក្រុមហ៊ុនគឺមានគោលការណ៍មួយ គឺដើម្បីជួយទៅដល់អ្នកក្រីក្រ កុមារកំព្រា និងសាលាផ្សេងៗដែលខ្វះខាតផងដែរ។ លោកបន្ថែមថា ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី ក្រៅពីសាខានៅទួលពង្រនេះ ក្រុមហ៊ុនមានគោលបំណងពង្រីក២០ សាខាទៀតនៅក្នុងរាជធានីភ្នំពេញ ហើយនឹងពង្រីកឱ្យគ្រប់ទូទាំង ២៥ខេត្ត-ក្រុងផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងឱកាសនៃការបើកសម្ពោធសាខាថ្មី ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី ក៏មានរៀបចំការសំដែងមុងសាយ ការរាំច្រៀងកំសាន្ត ការដើរម៉ូដបង្ហាញផលិតផល ការលេងល្បែងកំសាន្ត ការទទួលបានឆ្នោតដោយឥតគិតថ្លៃ និងរង្វាន់ជាច្រើនទៀត មានដូចជា ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនដុត microwave ចង្ក្រាន្តអគ្គិសនី និងម៉ាស៊ីនទឹកក្តៅ ជាដើម ហើយក្រុមហ៊ុននឹងនៅតែបន្តបង្កើតកម្មវិធីកំសាន្តសប្បាយ និងចាប់រង្វាន់រយ:ពេល ៣ថ្ងៃជាប់ៗគ្នាផងដែរ។
ក្រុមហ៊ុនឆ្នោតសំណាងអាស៊ី ( Asian Welfare Lotteries Co.,Ltd ) ត្រូវបានបង្កើតឡើងនៅខែ មេសា ឆ្នាំ២០១៧ និងបានចុះបញ្ជីពាណិជ្ជកម្ម ត្រឹមត្រូវស្របច្បាប់នៅកម្ពុជា។ ក្រៅពីការបង្កើតល្បែងកំសាន្ត ដើម្បីបង្កើនភាពរីករាយដល់ប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចនៅកម្ពុជា ក្រុមហ៊ុនថែមទាំងមានទំនួលខុសត្រូវសង្គមខ្ពស់ ដោយមានគោលដៅចំបង គឺការបង្កើតកម្មវិធីសប្បុរសធម៌ ដូចជាការជួយវិស័យអប់រំសម្រាប់ក្មេងៗ ការជួយទំនុកបំរុងចាស់ជរា និងការជួយជនក្រីក្រជាដើមផងដែរ៕