(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា។
អំណោយទាំងនោះត្រូវបានលោក ម៉ូវ មានិត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមជាមួយលោកស្រីអភិបាល អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ភូមិ នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ។
អំណោយដែលបាននាំយកជាកាយវិការមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
អំណោយទាំងនោះរួមគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ត្រូវបានយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ អញ្ជើញមកពីភូមិទាំង១៣ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត រួមនឹងថវិកា៣ម៉ឺនរៀលផងដែរ។
លោក ម៉ូវ មានិត បានឧបត្ថម្ភថវិកា២លានរៀល និងមីយើងចំនួន២០០កេស, លោក ពៅ ណារិទ្ធ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានឧបត្ថម្ភថវិកា២លានរៀល, លោក គឹម ជី និងលោក តាំង សុភាវុធ អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានឧបត្ថម្ភថវិកា២លានរៀល និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានឧបត្ថម្ភទឹកសុទ្ធចំនួន២០០កេស។
លោក ម៉ូវ មានិត បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានាបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ៕