(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសលើកិច្ចការមីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានសំដែងនូវការកោតសរសើរដល់មន្ត្រីដោះមីន គ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីទទួលខុសត្រូវ ធ្វើការបោសសំអាតមីនចេញពីផ្ទៃដីស្រែចំការ របស់បងប្អូនប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យ។
ការលើកឡើងបែបនេះរបស់ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមកចែកជូនដល់កងកម្លាំងដោះមីនទី៦ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញអមដំណើរដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពជា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងអស់លោកជាថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពជាច្រើនរូបទៀត។
ទេសរដ្ឋុមន្ត្រី មាស សុភា បានបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម បានបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋយើង រហូតស្លាប់បាត់បង់ជីវិត របួស ពិការរហូតមកដល់សព្វថ្ងៃនេះ។ ដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យមានការកាត់បន្ថយអាត្រានៃការគ្រោះថ្នាក់ដោយសារមីន មានកំរិតតិចតួចបំផុត។ ដែលក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់មន្ត្រីដោះមីនគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មដ៏លំបាក និងគ្រោះថ្នាក់នេះរហូតទទួលបាមជោគជ័យ ហើយលោកក៏ជំរុញឱ្យមន្ត្រីរបស់យើង គ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្ថែមទៀត ធ្វើការបោសសំអាតមីន ឱ្យក្នុងពេលដ៏ខ្លីខាងមុខនេះ។
បើតាមការឱ្យដឹងពីប្រធានកងឯកភាពកំចាត់មីនកម្ពុជា CMAC ទី៦ លោក ម៉ិញ ស៊្រន ដែលកំពុងធ្វើសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រព្រំដែន ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងថា កងឯកភាពកំចាត់មីនទី៦ បានបង្កើតឡើង ក្នុងខែសីហា ឆ្នាំ១៩៩៨ មានការិយាល័យនៅក្នុងខេត្តសៀមរាប ហើយបាននឹងកំពុងប្រតិបត្តិការរុករកគ្រាប់មីន នឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងតំបន់គ្រប់គ្រងរបស់អង្គភាពសកម្មភាពកំចាត់មីនកម្ពុជា CMAC ទី៦នេះ ក្នុងខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងស្ទឹងត្រែង។ ឆ្នាំ២០១៨នេះ កងឯកភាពកំចាត់មីនទី៦ បានប្រតិបត្តិការបោសសំអាតមីន លើផ្ទៃដីចំការមីនចំនួន ៦៥៨,៨៧៩ម៉ែត្រការ៉េ បោសសំអាតផ្ទៃដីចំការគ្រាប់បានចំនួន ៣,១៤៧,០០៧ម៉ែត្រការ៉េ រកឃើញនឹងកម្ទេចចោលមីន ប្រឆាំងមនុស្សចំនួន ១,០៧៣គ្រាប់ រកឃើញគ្រាប់មីនប្រឆាំងរថក្រោះចំនួន ០៥គ្រាប់ រកឃើញនឹងកំទេចចោលមីនកែច្នៃបានចំនួន០៧ នឹងរកឃើញហើយកម្ទេចចោល គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១,៤៩៣គ្រាប់។
ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកំចាត់មីន របស់កងកម្លាំងកំចាត់មីនទី៦ ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត នាពេលនោះ លោកនាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តល់ជូនដល់កងកម្លាំងកងឯកភាពកំចាត់ទី៦ មីចំនួន២០កេះធំ, ត្រីខ កំប៉ុងចំនួន៥០យួរ, ទឹកត្រី ទឹកស៊ីអីវ១០០យូរ, ទឹកផ្លែឈើ៥០កេះ, កបរិសុទ្ធ៥០កេះ, ព្រមទាំងបានផ្តល់ថវិកាដល់បុគ្គលិកទីវាល និងសិក្ខាកាមចូលរួមប្រមាណ៣០០នាក់ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរឿល នឹងយោធាធិននួន១៧នាក់ ក្នុងម្នាក់ ថវិកាចំនួន១០ម៉ឺនរៀល ផងដែ៕