(ភ្នំពេញ)៖ បន្ទាប់ពីបានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមុងជ្រលក់ថ្នាំ ព្រមទាំងសម្ភារបរិក្ខា អនាម័យ ជូនដល់ប្រជាពលរដ្ឋ ក្រោយរងគ្រោះដោយសារទឹកជំនន់ នារដូវវស្សាកន្លងទៅ ក្នុងខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ និងខេត្តសៀមរាបកន្លងមក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសុខាភិបាល សម្ដែងការកោតសសើរ ចំពោះមន្រ្ដីក្រសួងសុខាភិបាលទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋយ៉ាងអស់ពីចិត្តពីថ្លើម។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា ទោះបីជាផ្លូវធ្វើដំណើរមានការលំបាក និងប្រើពេលធ្វើដំណើរយូរយ៉ាងណា ក៏បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន ដាច់ស្រយាលទាំងនេះ ខិតខំផ្តល់សេវាសុខភាពជូនពលរដ្ឋគ្រប់ពេល ប្រកបដោយក្រមសីលធម៌ល្អ និងគិតពីឧត្តមប្រយោជន៍ក្នុងការជួយសង្គ្រោះ អាយុជីវិតអ្នកជំងឺខ្ពស់បំផុត។
លោកស្រីបន្ដថា ពលរដ្ឋដែលមានបញ្ហាសុខភាព បានមកប្រើប្រាស់សេវាជាហូរហែរ ក្នុងនោះភាគច្រើនសុទ្ធសឹង ទទួលបានការលើកលែងការបង់ថ្លៃសេវា ទាំងនេះសបញ្ជាក់ឲ្យឃើញថា មិនថាទីប្រជុំជន ឬទីដែលមានផ្លូវធ្វើដំណើរស្រួល ឬក៏ទីជនបទដាច់ស្រយាល និងទីដែលពិបាកធ្វើដំណើរ ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់ បានចូលរួមអនុវត្តការងារបានល្អប្រសើរ ជំរុញលើកទឹកចិត្ត, គាំទ្រ និងពង្រាយសេវាសុខាភិបាល គ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: មិនថាអ្នកមានឬអ្នកក្រីក្រឡើយ។
លោកស្រីអគ្គនាយកបច្ចេកទេស បានសរសើរយ៉ាងខ្លាំងនូវវត្តមាន របស់បុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាពខាងលើនេះ ដែលមានឆន្ទៈល្អប្រពៃ លះបង់ផលប្រយោជន៌ផ្ទាល់ខ្លួន នៅបម្រើសេវាជូនដល់ប្រជាជន នៅតាមតំបន់ដាច់ស្រយាល ទោះជាការរស់នៅផ្ទាល់ខ្លួនមានការលំបាកក៏ដោយ៕