(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ បញ្ជាក់ថា លោក ហ៊ាង រិទ្ធី ដែលជាអតីតអនុប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យនោះ មិនមែនជាមេធាវី ដែលចុះឈ្មោះដោយគណៈមេធាវីនោះទេ។
គណៈមេធាវី បានចាត់ទុកថា ការហៅ ការប្រើប្រាស់មុខងារ តួនាទី និងឋានៈជាមេធាវីខុសពីការពិតនេះ បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មេធាវី និងស្ថាប័នគណៈមេធាវី។ គណៈមេធាវីកម្ពុជា ក៏ប្រកាសចាត់វិធានការគ្រប់មធ្យោបាយតាមនីតិវិធីច្បាប់ផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី បានបញ្ជាក់យ៉ងាដូច្នេះថា «គណៈមេធាវី សូមធ្វើការបដិសេធយ៉ាងដាច់អហង្កាថា លោក ហ៊ាង រិទ្ធី មិនមែនជាមេធាវីដែលបានចុះបញ្ជី នៅក្នុងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាឡើយ»។
គណៈមេធាវី បានអះអាងទៀតថា ការហៅ ការប្រើប្រាស់មុខងារ តួនាទី និងឋានៈជាមេធាវិខុសពីការពិតដែលធ្វើឡើងក្នុងកិច្ចសម្ភាសវិទ្យុអាស៊ីសេរី គឺជាអំពើរំលោភបំពានច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិកម្មរបស់ គណៈមេធាវី បានធ្វើឡើង បន្ទាប់ពីលោក ហ៊ាង រិទ្ធី បានប្រើប្រាស់តួនាទីជាមេធាវី ក្នុងកិច្ចសម្ភាសជាមួយ វិទ្យុអាស៊ីសេរី ដើម្បីរិះគន់ចំពោះចំណាត់ការតុលាការ ក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលធ្វើឱ្យលោកហាក់ជាប់ឃុំនៅក្នុងផ្ទះ៕