(អារ៉ាប៊ីសាអូឌីត)៖ ពិធីបុណ្យហាជ ឬទីបូជនីយដ្ឋាន ហាជ (Hajj) របស់សាសនាឥស្លាម ជាទីសក្ការៈបូជានៅទីក្រុងម៉េកខា របស់ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។ សម្រាប់ទីសក្ការៈបូជា ហាជ នេះត្រូវបានសាសនិកឥស្លាម នៅទូទាំងសកលលោក មានជំនឿថា ខ្លួនត្រូវតែទៅឲ្យដល់ទីនោះឲ្យបាន យ៉ាងហោចណាស់ម្តងនៅក្នុងជីវិត ដែលលក្ខខណ្ឌ ត្រូវបានអនុញ្ញាតសម្រាប់មនុស្សពេញវ័យ។
ហាជ គឺជាសសរស្តម្ភទាំង ៥ នៃសាសនាឥស្លាម ដែល៤ផ្សេងទៀតនោះ គឺ Shahadah, Salat, Zakat, និង Sawm។ សមាជិកគ្រួសារមួយ ដែលបានចូលរួមនៅក្នុងពិធីបុណ្យហាជនេះ ក៏អាចមានន័យថា ក្រុមគ្រួសាររបស់គេទាំងមូលបានចូលរួម នឹងទទួលការគាំទ្រដោយវត្តមានរបស់គេ ដែលបានទៅចូលរួមពិធីបុណ្យ ហាជ នៅទីក្រុងម៉េកខា នោះដែរ។
នេះជាការបង្ហាញខ្លួនរបស់អ្នកកាន់សាសនាមូស្លីម ទៅកាន់ព្រះអាឡាហ៍ បន្ទាប់ពីពួកគេបានបំពេញកាតព្វកិច្ចរបស់ពួកគេគ្រប់គ្រាន់ហើយនោះ ពួកគេនឹងក្លាយខ្លួនជាអ្នកប្រតិបត្តិសាសនាឥស្លាមដ៏ពេញលេញ ហើយក៏នឹងត្រូវបានទទួលស្គាល់ជាទូទៅ ដោយព្រះជាម្ចាស់របស់ពួកគេផ្ទាល់ផងដែរ។
អ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កើនឡើងដល់ ៧១៧នាក់ និងរបួស៨៦៣នាក់ នេះបើយោងតាមព័ត៌មានពីមន្រ្តីផ្លូវការ អារ៉ាប៊ីសាអ៊ូឌីត។
លោកឧកញ៉ា អូស្មាន់ ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News ថា បងប្អូនជនជាតិខ្មែរ-ឥស្លាមចំនួន ៦៨៥នាក់ ដែលកម្ពុជាបញ្ជូនទៅចូលរួមពិធីបុណ្យសាសនា នៅអារ៉ាប៊ីសាអ៊ូឌីត ទីដែលមានហេតុការណ៍រត់ជាន់គ្នា មិនមានអ្វីចំពោះពួកគាត់ទេ។
លោកឧកញ៉ា អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា យោងតាមព័ត៌មានពីបងប្អូនខែ្មរ-ឥស្លាម ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុនៃការរត់ជាន់គ្នា បណ្តាលឲ្យស្លាប់និងរងរបួសជាច្រើននាក់នោះ គឺកើតចេញពីក្រុមហាជ្ជី ២ក្រុមមកពីផ្លូវ ២០៤ និង២២៣ បានដើរបញ្ច្រាសទិសគ្នា និងគួបផ្សំនឹងកត្តាអាកាសធាតុក្តៅខ្លាំងផង។
ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើង ខណៈមនុស្សប្រមាណ ២លាននាក់មកពីជុំវិញពិភពលោក បានមកចូលរួមនៅក្នុងពិធីបុណ្យ Hajj ជាពិធីបុណ្យដ៏ធំមួយ របស់សាសនិកឥស្លាម ហើយហេតុការណ៍នេះ គឺជាហេតុការណ៍សម្លាប់មនុស្សយ៉ាងច្រើនជាងគេបំផុត នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ នៃពិធីបុណ្យរបស់សាសនិកឥស្លាម។
កន្លែងកើតហេតុការណ៍នេះគឺស្ថិតនៅចម្ងាយប្រហែល ៥គីឡូ ម៉ែត្រពីវិហារឥស្លាម Mecca ដែលកំពុងស្ថិតក្នុងការជួយសង្រ្គោះផងដែរ នាពេលនេះ ក្នុងថ្ងៃទី១ នៃការប្រារព្ធពិធី បុណ្យបែបសាសនាឥស្លាម Eid al-Adha ឬហៅថា Feast of the Sacrifice៕