(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឡើងវិញថា លោក ហ៊ាង រិទ្ធី ដែលវិទ្យុអាស៊ីសេរីផ្សព្វផ្សាយថា ជា «បណ្ឌិតមេធាវី» នោះ មិនមែនជាមេធាវីនោះទេ (តាមការបញ្ជាក់របស់ប្រធានគណៈមេធាវី)។ ជាមួយគ្នានេះលោកបញ្ជាក់ថា ការប្រើឈ្មោះមេធាវីរបស់លោក ហ៊ាង ឫទ្ធិ ក្នុងការផ្សព្វផ្សាយតាមវិទ្យុអាស៊ីសេរីកន្លងមក បានបង្កើតឱ្យមានការភាន់ច្រឡំ លើទិដ្ឋភាពច្បាប់នៃកម្ពុជា ខណៈដែលប៉ុន្មានថ្ងៃមុននេះសម្តេចតេជោ ហ៊ុន សែន ក៏បានហៅក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយថា ជាបុគ្គលគ្មានកាយសម្បទាគ្រប់គ្រាន់ ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់សម្តេច។
ការអះអាងជាថ្មីរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីគណៈមេធាវីចេញមុខបកស្រាយថា លោក ហ៊ាង រិទ្ធី ដែលអាស៊ីសេរីផ្សព្វផ្សាយថា ជា «បណ្ឌិតមេធាវី» នោះ មិនមែនជាមេធាវីស្របច្បាប់ ដែលមានឈ្មោះនៅក្នុងគណៈមេធាវីនោះទេ។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ច្បាស់លាស់ហើយថាលោក ហ៊ាង ឫទ្ធី ដែល RFA ផ្សព្វផ្សាយថាជា "មេធាវី" ដើម្បីសម្តែងជាវាគ្មិនរបស់ខ្លួនពុំមែនជាមេធាវីនោះទេ ហើយកន្លងមក លោក ហ៊ាង រិទ្ធី ខ្លួនឯងក៏មិនដែលបដិសេធនឹងការផ្សព្វផ្សាយរបស់ RFA ថាខ្លួនជាមេធាវីនោះដែរ! ទង្វើបែបនេះបានបង្ហាញអំពីចេតនាបន្ថែមទម្ងន់ដល់អ្នកស្តាប់ RFA ឱ្យជឿលើការបកស្រាយរបស់បុគ្គលនេះ ដោយបង្កើតឱ្យមានការភាន់ច្រលំលើទិដ្ឋភាពច្បាប់នៃកម្ពុជា!»។
លោក គឹម សន្តិភាព ក៏បានស្នើឱ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការតាមច្បាប់លើទង្វើររបស់បុគ្គលខាងលើនេះ ព្រមទាំង RFA ផងដែរ ដើម្បីជាការរួមចំណែកទប់ស្កាត់នូវការផ្សព្វផ្សាយបំភាន់ការពិត ដែលនាំឱ្យសាធារណៈមតិមានការយល់ច្រឡំលើការអនុវត្តនៅកម្ពុជា។
ប្រតិកម្មអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើង បន្ទាប់ពីលោក ហ៊ាង រិទ្ធី តាមរយៈកិច្ចសម្ភាសជាមួយ វិទ្យុអាស៊ីសេរី បានរិះគន់ចំពោះចំណាត់ការតុលាការ ក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលធ្វើឱ្យលោកហាក់ជាប់ឃុំនៅក្នុងផ្ទះ។
លោក ហ៊ាង រិទ្ធី បានវែកញែកយ៉ាងដូច្នេះថា៖ «ថ្វីត្បិតគ្រប់ជនជាប់ចោទមិនទាន់មានសាលក្រមស្ថាពរ គឺគាត់មិនទាន់មានទោសទេ គាត់នៅតែជាជនសង្ស័យអ៊ីចឹង ហើយការឃុំខ្លួនក្នុងផ្ទះក៏មិនមានច្បាប់ណាមួយឃុំខ្លួនក្នុងផ្ទះដែរ តែបើចៅក្រមដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន គឺគាត់ត្រូវមានសេរីភាព គ្រាន់តែត្រូវបង្ហាញមុខនៅចំពោះមុខតុលាការ១ខែតែម្ដង»។
នាពេលកន្លងទៅ ក្រុមអ្នកច្បាប់ និងមេធាវី ដែលមាននិន្នាការប្រឆាំងទណ្ឌិត សម រង្ស៊ី ក៏បានលើកឡើង តាមរយៈវិទ្យុអាស៊ីសេរីនេះដែរ ដោយរិះគន់ចំពោះចំណាត់ការតុលាការចំពោះ លោក កឹម សុខា។ ពួកគេនិយាយថា ការមិនដោះលែងលោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។
ពាក់ព័ន្ធនឹងករណីនេះសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានផ្តាំផ្ញើទៅអ្នកច្បាប់ និងមេធាវីដែលគាំទ្រនយោបាយទណ្ឌិត សម រង្ស៉ី ឱ្យស្តាប់ឡើងវិញនូវប្រសាសន៍របស់សម្តេច ទាក់ទងបញ្ហានៃការលើកលែងទោសលើករណី លោក កឹម សុខា។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដោយពន្យល់តាមផ្លូវច្បាប់យ៉ាងច្បាស់ៗថា «បើអត់ទាន់ កាត់ទោស គឺអត់ទាន់មានទោសសម្រាប់លើកលែងឲ្យអ្នកឯងទេ។ ហ៊ុន សែន គ្មានសិទ្ធិចុះហត្ថលេខាថ្វាយព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យអ្នកណាទាំងអស់នៅពេល ដែលអ្នកណាក៏ដោយស្ថិតក្នុងក្របខណ្ឌជាពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ។ ឥឡូវអ្នកឯងចាំមើលទៅ ជាពិសេសបងប្អូនអ្នកគាំទ្រអាម្សៀហ្នឹង។ ខ្ញុំសូមផ្ញើសារដ៏ខ្លីមួយថា ចាំ សេះដុះស្នែងបានវាកើត»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងផ្តល់កិច្ចសម្ភាសដល់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំគេអត់ចេះស្តាប់ និងសិក្សាពីសំដី ដែលបង្កប់ដោយន័យ នយោបាយនិងផ្លូវច្បាប់ដែលខ្ញុំបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំ ពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ ដោយសារការភ្នាល់លើកនេះជាការភ្នាល់ដាក់ជិវិត នយោបាយ ដែលអ្នកបបួលខ្ញុំភ្នាល់គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវឲ្យខ្ញុំត្រូវមានភស្តុតាង និងសូមស្នើឲ្យមេធាវីខ្ញុំរក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់»។
សូមស្តាប់ឡើងវិញនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ៕