(ភ្នំពេញ)៖ លោក ហែម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី គុណ ខេង ដោយមានការរួមដំណើរពីមន្ត្រីពាក់ព័ន្ធ និងការជ្រោមជ្រែងពីព្រះតេជគណ អ៊ូ សុខអេង នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្កិក ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិប្បតេយ្យភាព ស្ថិតក្នុងវត្តសំរោងកណ្ដាល ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងពិធីសូត្រមន្ដក្រុងពលី ក្នុងការដាក់ឲ្យដំណើរការទូក ង «ជ័យសំរោងតេជៈ» ចូលទៅក្នុងទន្លេ បន្ទាប់ពីធ្វើការហាត់សមអស់រយះពេលជិត១ខែមកហើយ ដើម្បីត្រៀមប្រកួតប្រជែងគ្នាដណ្ដើមជ័យជំនេះ នៅថ្នាក់រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ចិកាខាងមុខនេះ មុនឈានដល់ការប្រកួតដណ្ដើមយកជ័យជំនៈ ថ្នាក់ជាតិ នៅខាងមុខព្រះបរមរាជវាំង នាឱកាសអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ។
នៅក្នុងពិធីសូត្រមន្ដក្រុងពលី ដើម្បីដាក់ឲ្យដំណើរការទូក ង «ជ័យសំរោងតេជៈ» ខាងលើនេះ លោក ហែម ថេង បានចូលរួមឧបត្ថម្ភជាបច្ច័យចំនួន២លានរៀល, មួកចំនួន១០០, អាវចំនួន១០០, និងទឹកបរិសុទ្ធចំនួន១០០យួរ ផងដែរ។ ក្រៅពីការគៀងគរពីមន្ត្រីរាជការ មកចូលរួមជួយឧបត្ថម្ភជាបន្តបន្ទាប់ ទាំងសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាជាច្រើន ក្នុងការកសាងនូវសមិទ្ធិផលនានាក្នុងវត្តសំរោងកណ្ដាល តាំងពីឆ្នាំ១៩៩៨ លោកក៏បានចំណាយធនធានយ៉ាងច្រើនជួយកសាងទាំងផ្លូវ ដោយសរុបជាទឹកប្រាក់ចំនួន១៥២,០០០ដុល្លារ។ រហូតមកទល់បច្ចុប្បន្នក្នុងឆ្នាំ២០១៨ថ្មីៗនេះ លោកបានជួយជួសជុលសាលាឆាន់ អស់ទឹកប្រាក់ចំនួន៦២,៦០០ដុល្លារបន្ថែមទៀត ដើម្បីផ្ដល់នូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើន។
លោក ហែម ថេង បានថ្លែងថា ដើម្បីឲ្យទូក ង«ជ័យសំរោងតេជៈ» ទទួលបានជោគជ័យ ក្នុងការប្រកួតប្រជែង នៅក្នុងព្រះរាជពិធីអបអរសាទរ បុណ្យអំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលជាបុណ្យជាតិ ជិតចូលមកដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ គឺទាំងគណៈកម្មការទូក ក៍ដូចជាចំណុះទូកទាំងអស់ សូមកុំឲ្យជួបបញ្ហារាករុះផ្សេងៗ មកពីការសេពគ្រឿងស្រវឹង ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកត្តាសាមគ្គីភាពរឹងមាំ ដោយផ្ដើមចេញពីការចុះសម្រុងនិងគ្នា ក្នុងពេលប្រកួត។
ជាមួយគ្នានោះ ព្រះតេជគណ អ៊ូ សុខអេង ព្រះចៅអធិការវត្តសំរោងកណ្ដាល បានប្រសិទ្ធិពរជ័យជូនចំពោះគណៈកម្មការទូក ក៍ដូចជាចំណុះទូកទាំងអស់ប្រមាណជាជាង១០០នាក់ ក្នុងនោះមានចំណុះត្រៀម៦៥នាក់ និងចំណុះជាក់ស្ដែងដែលអំទូក៦៣នាក់ ឲ្យទទួលបានជ័យជំនៈ ក្នុងការប្រកួត ទាំងនៅថ្នាក់រាជធានី និងថ្នាក់ជាតិ ដោយសារតែទូក «ង ជ័យសំរោងតេជៈ» ពុំដែលប្រកួតទទួលបានជ័យលាភីលេខ៣ឡើយ គឺទទួលបានតែលេខ១ និងលេខ២ប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ ទាំងការប្រកួតនៅថ្នាក់រាជធានី និងនៅថ្នាក់ជាតិ តាំងពីថ្ងៃកកើត «ទូកង ជ័យសំរោងតេជៈ» ក្នុងឆ្នាំ២០០១មកម្លេះ រយះពេល១៧ឆ្នាំមកហើយ មកទល់បច្ចុប្បន្ន ក្នុងឆ្នាំ២០១៨នេះ៕