(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែជាវីរបុរសរំដោះប្រទេសជាតិ ពីរបបដ៏ខ្មៅងងឹត (ប៉ុល ពត) នោះទេ សម្តេចតេជោ គឺជាវីរវិស្វករខ្មែរមួយរូប ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញជូនមាតុភូមិកម្ពុជា ព្រមទាំងបន្សល់ទុកនូវសមិទ្ធផលជាច្រើន សម្រាប់មនុស្សជាតិ នាសទវត្សទី២១នេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចនៅវិមានាំឈ្នះ-ឈ្នះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក អ៉ឹម ឈុនលឹម បានថ្លែងថា សំណង់វិមានឈ្នះ-ឈ្នះ ដែលកសាងឡើងនៅពេលនេះ គឺជាសំណង់ដ៏រឹងមាំ តំណាងឱ្យសុខសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ខណៈដែលសម្តេចតេជោ បានដាក់នូវគោលនយោបាយឈ្នះ-ឈ្នះ (១៩៩៨-២០១៨) ដើម្បីបង្រួបបម្រួមជាតិ ដែលធ្វើឱ្យកម្ពុជា មានការរីកចម្រើនរហូតបច្ចុប្បន្ននេះ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សម្តេចតេជោ មិនត្រឹមតែជាវីរបុរសរំដោះប្រទេសជាតិនោះទេ គឺសម្តេចតេជោ ជាវីរបុរសមួយរូប ដែលបានកសាងឡើងនូវសន្តិភាព និងភាពឈ្នះ-ឈ្នះ សម្រាប់កម្ពុជា [...] សម្តេចតេជោ ថែមទាំងជាវីរវិស្វករ ដែលបានបន្សល់ទុក នូវសមិទ្ធជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសវិមានឈ្នះ-ឈ្នះនេះ»។
លោក អ៉ឹម ឈុនលឹម បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះវិមានឈ្នះ-ឈ្នះ គឺជានិមិត្តរូបសំខាន់ខ្លាំងណាស់សម្រាប់បង្ហាញឱ្យអន្តរជាតិ បានឱ្យដឹងថា កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ពេញលេញ ទាំងនេះគឺដោយសារតែគុណបំណាច់របស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្តូរយកសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យនេះជូនកម្ពុជា ពីរបបដ៏ខ្លៅងងឹត ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញសង្គមកម្ពុជា ដូចផេះផង់។
លោក អ៉ឹម ឈុនលឹម បានហៅសមិទ្ធផលដែលរកបានដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល២០ឆ្នាំ គឺជាស្នាដៃឯកមួយ ហើយសំណង់វិមានឈ្នះ-ឈ្នះនេះទៀតសោធ គឺបញ្ជាក់ពីជ័យជំនៈផ្តាច់ព្រ័ត ដែលធ្វើឱ្យកម្ពុជា ទទួលបាននូវផ្លែផ្ករហូតបច្ចុប្បន្ននេះ។ វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។
សូមជម្រាបថា ថ្មីៗនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង។
វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕