(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុន្នីសោភា បានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៤នាក់ រួមមាន៖ ឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ វណ្ណា ឈ្មោះ ចេង សំអុល និងឈ្មោះ អៀង ម៉ាន់ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌជាក្រោយ។
ការសម្រេចបង្គាប់ឱ្យឃុំខ្លួននេះ គឺធ្វើឡើងបន្ទាន់ពីតំណាងអយ្យការ លោក ស៊ិន វីរ: បានចោទចោទប្រកាន់ក្រុមជនសង្ស័យពីបទ «សមគំនិតក្នុងអំពើលក់ដូរមនុស្ស សម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះ» តាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា២៩ និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមនុស្ស១៥នាក់ ដែលជាប់ពាក់ព័ន្ធ ករណីរកស៊ីពពោះជំនួស ក្នុងនោះមានប្រុស២នាក់ និងស្រី១៣នាក់ មកកាន់តុលាការ ដើម្បីចំណាត់ការតាមបីតិវិធី។
ក្រោយបិទការស៊ើបសួរ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យមានឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ វណ្ណា ឈ្មោះ ចេង សំអុល និងឈ្មោះ អៀង ម៉ាន់។ ដោយមនុស្ស១១នាក់ផ្សេងទៀត កំពុងស្ថិតក្នុងចំណាត់ការសាកសួរនៅឡើយ មុនសំណុំរឿងនេះត្រូវបញ្ចប់នៅដំណាក់កាលចៅក្រមស៊ើបសម្រេច។
គួរំលឹកថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពែញ ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់។
លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ក្នុងប្រតិបត្តិការឃាត់ខ្លួនមនុស្ស១៥នាក់ ដែលពាក់ព័ន្ធការរកស៊ីពពោះជំនួសនេះ មានប្រុស២នាក់ និងស្រី១៣នាក់។
បើតាមលោកនាយរងការិយាល័យ, ក្នុងចំណោមមនុស្សស្រីទាំង១៣នាក់នោះ មានមនុស្ស១១នាក់ កំពុងតែមានផ្ទៃពោះ ដែលជាអ្នករកស៊ីពពោះជំនួសផ្ទាល់តែម្ដង ហើយ២នាក់ផ្សេងទៀត ជាចុងភៅ។
គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសផងដែរ៕