(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ឃាតកដែលបានចាក់សម្លាប់ ប្រធានប្រជាការពារភូមិតាឡី ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ។
លោកវរសេនីយ៍ឯក ជឹម ស៉ី ថា បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ថាច់ សួ ភេទប្រុស អាយុ៤៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅភូមិសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១១៖១០នាទីព្រឹក។
បើតាមលោកវរសេនីយ៍ ចំពោះមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីទំនាស់ទិញលក់-ដី ហើយមុនពេលកើតហេតុ ជនរងគ្រោះបានស្ទុះទៅវាយជនសង្ស័យ ទើបធ្វើឲ្យជនសង្ស័យការពារខ្លួន ទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្តងទៅ។ នេះបើតាមការសារភាពរបស់ជនសង្ស័យ។
សូមជម្រាបថា កាលពីវេលាម៉ោង១១៖០០យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក កេត ស៊ីថា អាយុ៥៣ឆ្នាំ ជាប្រធានប្រជាការពារភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវបានជនល្មើសចាក់ចំនួន៣កាំបិត បណ្ដាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។
ជនសង្ស័យ និងរងគ្រោះបានផឹកស៉ីជាមួយគ្នា នៅហាងមួយកន្លែងតាមបណ្តោយផ្លូវព្រៃស ហើយពេលផឹកស្រវឹង បានទាស់សម្តីគ្នាតិចតួចរឿងរកស៉ីដីធ្លី។ រហូតដល់ម៉ោង ១១៖០០នាទីយប់ ក៏បបួលគ្នាទៅផឹកបន្តទៀតនៅផ្ទះរងគ្រោះ ប៉ុន្តែពេលជិះដល់កណ្តាលផ្លូវ ជនសង្ស័យបានស្ទាក់យកកូនកាបិត ចាក់ទៅលើជនរងគ្រោះចំនួន៣កាំបិត បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។
បន្ទាប់ពីករណីនេះ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោដែលដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា បានដាក់កម្លាំងតាមគោលដៅ ដើម្បីស្វែងរកចាប់ខ្លួនឃាតក។ មិនដល់២ថ្ងៃផង កម្លាំងសមត្ថកិច្ចក៏តាមក្របួចឃាតកនោះ និងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញភ្លាមៗ ដើម្បីបន្តនីតីវិធីទៀត៕