(ភ្នំពេញ)៖ លោក Miguel de Serpa Soares អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ ដែលបាន និងកំពុងសម្រេចដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ការចេញសេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅឱកាសដែលលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការ អ.វ.ត.ក បានអនុញ្ញាត្តិឱ្យលោក Miguel de Serpa Soares អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់ អ.ស.ប ចូលសំដែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានរបស់ អ.វ.ត.ក ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ នៅវិមានមិត្តភាព នៃទីស្តីការ គណៈរដ្ឋមន្រ្តី។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ដែលត្រូវបានលោក Antonio Guterres អគ្គលេខាធិការ អ.ស.ប ចាត់តាំងឱ្យធ្វើជាតំណាងមកចូលរួមពិធីប្រកាសសាលក្រមសំណុំរឿង០០២ ដំណាក់ទី២ ដែល អ.ស.ប តែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក។
លោកកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងផងដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រហូតមកទល់ពេលនេះ អ.វ.ត.ក បាននិងកំពុងសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ។ ជាងនេះទៅទៀត អ.វ.ត.ក ក៏បាន និងកំពុងបន្សល់ទុកកេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ហើយក៏បានផ្ទេរ ចំណេះដឹង និងបទពិសោធពី អ.វ.ត.ក ទៅតុលាការជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។ ជាពិសេសការប្រកាសសាលក្រម នៅក្នុងសំណុំរឿង០០២/០២ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងបង្ហាញពីសមិទ្ធិផលដ៏សំខាន់មួយទៀត នៃការងាររបស់ អ.វ.ត.ក ហើយដំណើរការនេះ នឹងត្រូវកត់ត្រាជាតម្លៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប លោក Miguel de Serpa Soares បានសម្តែងការអរគុណចំពោះការទទួលជួបពិភាក្សានាពេលនេះ និងបានជម្រាប ជូនលោកកិត្តិនីតិកោសលបណ្ឌិតថា អ.ស.ប សូមគាំទ្រទាំងស្រុងចំពោះសមិទ្ធផលទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការយ៉ាងច្រើន ដែលកំពុងសម្រេចបានដោយ អ.វ.ត.ក និងសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការរួមចំណែកជាថវិកា និងជាសម្ភាររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់ អ.វ.ត.ក។ ជាមួយគ្នានោះដែរ អគ្គលេខាធិការរង អ.ស.ប ក៏បានលើកឡើងអំពីលិខិតរបស់លោក អគ្គលេខាធិការ អ.ស.ប ដែលបានផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ និងបានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ចំនួនពីរចំណុច រួមមានទី១៖ ស្នើសុំបោះឆ្នោតគាំទ្រសំណើឧបត្ថម្ភធនដល់ភាគីអន្តរជាតិ និងទី២៖ បន្តផ្តល់ថវិកាដល់ភាគីជាតិនៃ អ.វ.ត.កនៅឆ្នាំ២០១៩។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបជាវិជ្ជមាន ទៅនឹងសំណើស្នើសុំរបស់លោកអគ្គលេខាធិការ អ.ស.ប ដូចដែលរាជរដ្ឋាភិបាលធ្លាប់បានអនុវត្តក្នុងរយៈពេល៤ឆ្នាំកន្លងមក រួមមានទី៖ រាជរដ្ឋាភិបាលបន្តគាំទ្រសំណើឧបត្ថម្ភធនដល់ភាគីអន្តរជាតិនៃ អ.វ.ត.ក និង ទី២៖ រក្សាការរ៉ាប់រងលើចំណាយប្រតិបត្តិការទូទៅ និងផ្តល់ប្រាក់បៀវត្សយ៉ាងតិចចំនួន៦ខែដំបូង សម្រាប់ចៅក្រម មន្ត្រីច្បាប់ និងបុគ្គលិកជាតិ នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ៣,៩០លានដុល្លារ (២,៣០ លានដុល្លារអាមេរិក សមា្រប់ប្រាក់បៀវត្ស និង១,៦០លានដុល្លារអាមេរិក សម្រាប់ចំណាយប្រតិបត្តិការទូទៅ)។ គោលការណ៍នេះ នឹងយកទៅប្រកាសដោយតំណាងអចិន្រ្តៃយ៍របស់កម្ពុជានៅ អ.ស.ប នៅចំពោះមុខគណៈកម្មាធិការទី៥ ដែលគ្រោង នឹងប្រជុំពិភាក្សា និងសម្រេចនៅចុងឆ្នាំ២០១៨នេះ។
តាងនាមឱ្យលោកអគ្គលេខាធិការ អ.ស.ប លោក Miguel de Serpa Soares បានសម្តែងនូវការអរគុណចំពោះ ការសម្រេចដ៏ថ្លៃថ្លានេះ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គាំទ្រទាំងផ្នែកស្មារតី និងថវិកាដល់ដំណើរការរបស់ អ.វ.ត.ក។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងលោក Miguel de Serpa Soares យល់ឃើញពីភាពចាំបាច់ក្នុងការថែរក្សាកេរដំណែលរបស់ អ.វ.ត.ក ដើម្បីឱ្យសាធារណៈជន និងអ្នកស្រាវជ្រាវបានយល់ដឹងអំពីដំណើរការកាត់សេចក្តី និងសមិទ្ធផលទាំងអស់ និងបានស្នើសុំឱ្យបណ្តាប្រទេស ផ្តល់ជំនួយទាំងអស់ បន្តផ្តល់ថវិកាដល់ អ.វ.ត.ក ដើម្បីបញ្ចប់បេសកកម្ម និងការងាររបស់ខ្លួនទៅដោយរលូន ជោគជ័យ និងប្រកបដោយកិត្តិយស។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងលោក Miguel de Serpa Soares ឯកភាពគ្នាថានឹងទៅចូលរួមធ្វើជាសាក្សី នៅក្នុងពិធីប្រកាសសាលក្រម នៅក្នុងសំណុំរឿង០០២/០២នៅថ្ងៃស្អែក ដែលមានអ្នកចូលរួមប្រមាណ១ ០០០នាក់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមមានជនរងគ្រោះ សិស្ស យុវជន ឥស្សរជនជាន់ខ្ពស់ និងបណ្តាអង្គទូតទាំងអស់និងមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា (TVK) និងទូរទស្សន៍ឯកជនដ៏ទៃទៀត ព្រមទាំងមានបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមកធ្វើការផ្សព្វផ្សាយផ្ទាល់ពី អ.វ.ត.ក ផងដែរ៕
ជាពិសេសភាគីទាំងពីរ ក៏បានឯកភាពគ្នាលើសេចក្តីប្រកាសរួម ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖