(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា កងកម្លាំងនគរបាលជាតិ មិនត្រូវគ្រងឯកសណ្ឋានហើយ ប្រើប្រាស់អំណាចដើរគំរាមកំហែងប្រជាពលរដ្ឋស្លូតត្រង់នោះទេ ពោលត្រូវធ្វើជាអ្នកផ្ដល់សេវាដ៏ល្អ និងមានប្រសិទ្ធភាពជូនពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបិទវគ្គ ជំនាញអន្ដរាគមន៍ពិសេស នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមជាមន្ដ្រីនគរបាលជាតិ ជិត២០០នាក់ចូលរួមហ្វឹកហ្វឺន។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «កងកម្លាំងនគរបាលត្រូវសីលធម៌ សុជីវធម៌ ហើយសំខាន់បំផុតត្រូវគោរពមនសិកាវិជ្ជាជីវៈ ព្រោះគេបង្កើតយើងមក គឺដើម្បីសង្គ្រោះពលរដ្ឋនៅពេលកើតហេតុ។ កម្លាំងអន្ដរាគមន៍មានតួនាទីធ្វើអន្ដរាគមន៍សង្គ្រោះមនុស្ស និងស្ថានភាពបរិយាកាស សភាពការណ៍សង្គម តែមិនមែនកម្លាំងបង្ហាញដូចខ្លាទៅគំរាមកំហែងនោះទេ ដោយមិនត្រូវយកទៅគំរាមកំហែងឲ្យមានការភ័យខ្លាចដល់ពលរដ្ឋ និងសង្គមនោះទេ»។
ក្នុងនាមជាកម្លាំងអន្ដរាគន៍ពិសេស លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ត្រូវអនុវត្តបទបញ្ជាឲ្យកាន់តែមួសមុត កាន់តែស្មោះត្រង់ និងកាន់តែស្លូតមួត ទន់ភ្លន់ មានសីលធម៌ ព្រហ្មវិហារធម៌ មានការសណ្ដោសប្រណីយ៍ ព្រោះគោលនយោបាយរបស់កងកម្លាំងនគរបាលជាតិសំខាន់នៅពេលអនាគត គឺ «យើងនឹងធ្វើឲ្យកងកម្លាំងនគរបាលជាតិ ទៅជាសេវាកប្រកបដោយមនសិកា វិជ្ជាជីវៈ បម្រើប្រជាពលរដ្ឋ ប្រកបដោយភក្ដីភាព គុណធម៌ និងសីលធម៌»។
បន្ថែមពីនេះ អគ្គស្នងការរងរូបនេះ បានសង្កត់ធ្ងន់ថា សម្រាប់ការហ្វឹកហ្វឺនជំនាញអន្ដរាគមន៍ពិសេស ឲ្យកាន់តែមានប្រសិទ្ធភាព នៅពេលចេញប្រតិបត្តិការនោះ កងកម្លាំងនគរបាលទាំងអស់ ត្រូវតែមានឆន្ទៈ និងស្មារតីខ្ពស់បំផុត ហើយនៅពេលបញ្ចប់ការហ្វឹកហ្វឺននេះទៀតសោត ត្រូវតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក៏បានធ្វើរបាយការណ៍បង្ហាញផងដែរថា ដើម្បីធ្វើការវាស់ស្ទង់សមត្ថភាពរបស់សិក្ខាកាមក្នុងវគ្គសិក្សានេះ សាលាបានធ្វើការប្រឡងបញ្ចប់វគ្គសិក្សា ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងលើទីលាន ដើម្បីផ្ដល់ពិន្ទុជូនសិក្ខាកាមម្នាក់ បូកជាមួយវិន័យសីលធម៌ការរស់នៅ។
លោកនាយកសាលា បានបន្ថែមថា ក្រោយពីការសិក្សាអស់រយៈពេលជិត៣ខែ ដែលសាលារៀបចំកម្មវិធីប្រឡង ដើម្បីវាស់កម្រិតសមត្ថភាពនោះរកឃើញថា សិក្ខាកាមមានសិទ្ធិប្រឡង ចំនួន១៣៤នាក់, គ្មានសិទ្ធិប្រឡង ចំនួន៥នាក់ និងសិក្ខាកាមលុបឈ្មោះចេញពីការសិក្សា ចំនួន០៥នាក់ ក្នុងនោះ ទទួលបាននិទ្ទេសល្អ ចំនួន២៥នាក់, និទ្ទេសល្អបង្គួរ ចំនួន៦២នាក់, និទ្ទេសមធ្យម ចំនួន៤៤នាក់ និងនិទ្ទេសខ្សោយចំនួន០៨នាក់។
សូមជម្រាបថា គិតមកដល់ពេលនេះ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានបើកវគ្គបំប៉ននូវមុខជំនាញ ជូនកងកម្លាំងនគរបាលជាតិទូទាំងប្រទេស សរុបចំនួន១៨វគ្គ មានសិក្ខាកាមសរុបចំនួន២,០២៧នាក់ ស្រី៩៣នាក់ ដែលក្នុងនោះរួមមាន៖ វគ្គបឋមវិជ្ជាជីវៈនគរបាលបេក្ខជនជ្រើសរើសថ្មី ចំនួន០៥វគ្គ, ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន០២វគ្គ, ការពារទប់ទល់បាតុកម្ម ០១វគ្គ, វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន០៤វគ្គ, ជំនាញការពារគោលដៅ ០១វគ្គ និងជំនាញអន្ដរាគមន៍ពិសេសចំនួន០២វគ្គ៕