(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីបណ្ដាញក្រុមគ្រូពេទ្យផ្ដល់សេវាសង្គ្រោះបន្ទាន់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២១ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
សេចក្ដីជូនព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្រសួងបានចាត់ចែងឲ្យមានសេវារថយន្ដសង្គ្រោះ និងការពិនិត្យព្យាបាល នៅតាមកន្លែងតង់សុខភាព ប្រសិនបើបងប្អូន ប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកប្រើប្រាស់សេវា នៅតាមទីតាំងដូចបានរៀបរាប់ខាងក្រោមនេះ បានដោយគ្មានការបង់ថ្លៃឡើយ ឬសូមទំនាក់ទំនងលេខ ១១៩ សម្រាប់សេវារថយន្ដសង្គ្រោះបន្ទាន់។
លើសពីនេះ ក្រសួងសុខាភិបាល ក៏បានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័ត ក្នុងហ្វូងប្រជាពលរដ្ឋដោយឯកសណ្ឋានពេទ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់អាចមានបញ្ហាសុខភាព ហើយមិនអាចមករកគ្រូពេទ្យ នៅតាមតង់សុខភាព ឬរថយន្ដសង្គ្រោះបានផងដែរ។
ក្នុងសេចក្ដីជូនព័ត៌មាន បានបញ្ជាក់ផងដែរថា «ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្ដសង្គ្រោះចល័តតាមគោលដៅចំនួន ៣៨គ្រឿង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន១២កន្លែងផ្សេងៗគ្នា ផងដែរ»៕
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖