(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំស្តីពីរបាយការណ៍បូកសរុបលទ្ធផលការងារចុះត្រួតពិនិត្យកិច្ចការនគរបាលទាំងមូលក្នុងខេត្តកំពង់ចាម ដើម្បីត្រៀមលក្ខណៈ ទប់ស្កាត់ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសម្រាប់ពេលខាងមុខ។
កិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពី លោកស្នងការរង លោក នាយការិយាល័យ លោកអនុផែនសរុប៤៨នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទត្រូវយកចិត្តទុក្ខដាក់ ការងារព្រហ្មទណ្ឌ គ្រឿងញៀន អប់រំមន្រ្តីប៉ុស្តិ៍ដែលមានការខ្វះខាត និងខិតខំអនុវត្តន៍ការងារតាមជំនាញមួយៗ ឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំកម្លាំងនគរបាលទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍នានាដែលឡើងក្នុងមូលដ្ឋានឲ្យបាន ហើយបើមានស្ថានភាពអ្វីកើតឡើងត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់៕