(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងនូវការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ជូនដល់មន្ត្រីរាជការ និងបុគ្គលិក សុខាភិបាលទាំងអស់ ដែលបានព្យាយាមខិតខំប្រឹងប្រែង ធ្វើការងារដោយអស់ពីកម្លាំងកាយចិត្ត ដើម្បីបានចូលរួមចំណែកក្នុងការផ្ដល់សេវាជូន ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ហើយមានផែនការយុទ្ធសាស្ត្រ ក្នុងការពង្រឹង-ពង្រីកទាំងសេវា និងគុណភាព ជូនប្រជាពលរដ្ឋ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃពី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ម៉ម ប៊ុនហេង បានថ្លែងថា មន្ទីរពេទ្យបង្អែកនេះ គឺសកម្មណាស់ ក្នុងការបម្រើសេវាធ្វើឲ្យពលរដ្ឋពេញចិត្ត សម្បើមណាស់ និងដោយមានការជឿជាក់ ទៅលើការផ្ដល់សេវារបស់ពេទ្យនៅខេត្តសៀមរាបនេះ គឺមានអ្នកជំងឺបានមកទទួលសេវាច្រើនពេញ ទាំងតាមគ្រែអ្នកជំងឺ ទាំងអ្នកស្នាក់នៅជិតខាងនៃបន្ទប់ ដែលកំពុងរៀបចំ បន្ថែមថ្មីនេះ គឺសូម្បីតែអគារមានកន្លែងចង្អៀត មិនទានបំពេញបានតាមតម្រូវការក្ដី។
លោករដ្ឋមន្ត្រី បានបន្ថែមថា «អាស្រ័យហេតុនេះហើយ ទើបយើងត្រូវការនូវការពង្រីកពេទ្យខេត្តសៀមរាបនេះ ហើយឥឡូវនេះយើងបានធ្វើគម្រោងទៅសុំខាងកូរ៉េ មួយផ្នែកខាងអាគារសង្គ្រោះបន្ទាន់ និងសុំទៅខាងជប៉ុន មួយផ្នែកផងដែរ។ អាគារវះកាត់ដែលយើងមានទីតាំងដីបម្រុងទុកជាស្រេចហើយ គឺយើងត្រូវពង្រីកឲ្យបានធំទូលាយទាំងសេវា និងកន្លែងស្នាក់របស់អ្នកជំងឺ ដើម្បីបម្រើប្រជាពលរដ្ឋយើង និងបំពេញតាមតម្រូវការជាក់ស្ដែង បន្ថែមទៀត ព្រោះតាមការគ្រោងរបស់មន្ទីរពេទ្យ គឺយើងនឹងពង្រីកឲ្យបាន៥០០គ្រែ ដែលឥឡូវមានតែជាង៣០០គ្រែតែប៉ុណ្ណោះ»។
«ដោយឡែកគ្រាន់តែធ្វើការវះកាត់ ក្នុងមួយថ្ងៃៗជាមធ្យម២០ករណីទៅហើយ។ ចំពោះប្រជាពលរដ្ឋក្រីក្រ រាជរដ្ឋាភិបាលកម្ពុជាយើង បានផ្ដល់ជាមូលនីធិសមធម៌ជូន ហើយនិងកម្មករក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធដោយបេឡាសន្តិសុខ សង្គម របស់រាជរដ្ឋាភិបាល»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមសម្ដែងនូវការកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ជូនដល់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានព្យាយាម ខិតខំប្រឹងប្រែង ធ្វើការងារ ដោយអស់ពីកម្លាំងកាយចិត្ត ដើម្បីបានចូលរួមចំណែកក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងក្នុងការពង្រឹង-ពង្រីកនូវគុណភាពផងដែរ។ ហើយក្រសួង នឹងពិនិត្យក្នុងការផ្ដល់បុគ្គលិក បន្ថែមទៅតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល»។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា នៅមន្ទីរពេទ្យបង្អែកនេះ ជាមន្ទីរពេទ្យដែលបានផ្ដល់សេវាដ៏ល្អហើយនោះ ចឹងអ្វីដែលសំខាន់គឺយើងត្រូវបន្តលើកទឹកចិត្តពួកគាត់ ដែលជាមន្ត្រីរាជការ និងបុគ្គលិក ហើយទន្ទឹមនឹងនោះ គឺយើង ត្រូវពង្រឹងនូវសមត្ថភាពបច្ចេកទេស ហើយនិងសីលធម៌វិជ្ជាជីវៈឲ្យបានកាន់តែខ្ពស់បន្ថែមទៀត ដើម្បីពង្រីកនូវទំនុកទុកចិត្តពីប្រជាពលរដ្ឋ។ កិច្ចការនេះ គឺបានសេចក្ដីថា តែនៅមន្ទីរពេទ្យខេត្តសៀមរាបប៉ុណ្ណោះទេ គឺនៅគ្រប់ទីកន្លែងផ្សេងៗ ដូចជាតាមមណ្ឌលសុខភាព មន្ទីរពេទ្យតាមបណ្ដាស្រុក។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានអ្នកជំងឺដ៏ច្រើនលើសលុប បានមកទទួលសេវា និងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទាំងអ្នកនៅក្នុងខេត្តសៀមរាប និងបណ្តា ខេត្តនានានៅជុំវិញ។ មូលហេតុដែលបានលើកបង្ហាញនោះ គឺដោយសារតែមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការផ្តល់សេវាមួយចំនួន ដែលមន្ទីរពេទ្យបង្អែកខេត្តផ្សេងៗ មិនទាន់មានដូចជា៖ សេវាលាងឈាម និង ការវះកាត់ធំៗជាដើម និងកត្តាសមត្ថភាពបច្ចេកទេសជំនាញ ក្រមសិលធម៌វិជ្ជាជីវៈ។ នេះបើតាមសម្ដីមន្ត្រី នៃមន្ទីរពេទ្យមួយនេះ បានលើកឡើង។
បើយោងតាមសេចក្តីរាយការណ៍ របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជាមួយនឹងវត្តមានរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យមើល ការផ្តល់សេវាសុខភាព នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាបរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ក្រុស សារ៉ាត់ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយមិនរើសអើង ជាពិសេសគឺអ្នកក្រ ក្រោមការអនុវត្តមូលនិធិសមធម៌ សម្រាប់ជួយដល់ពួកគាត់។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានគូសបញ្ជាក់ថា នៅក្នុងមន្ទីរពេទ្យនេះ ក្នុង១ខែៗ គឺមានអ្នកជំងឺមកសម្រាកព្យាបាលប្រមាណ ២,០០០នាក់ មកទទួលពិនិត្យពិគ្រោះជំងឺប្រមាណជា ៦,០០០នាក់ និងការវះកាត់តូច-ធំ ប្រហែលជាចំនួន៥០០នាក់។ ចំនួនអ្នកជំងឺដែលមន្ទីរពេទ្យទទួល និងផ្តល់សេវាជូននេះ គឺលើសពីចំនួនគ្រែ ដែលមន្ទីរពេទ្យមានក្នុងចំនួន៣០០គ្រែប៉ុណ្ណោះ ដែលអ្នកជំងឺខ្លះ ត្រូវសម្រាកផ្ទាល់នៅលើកម្រាលការ៉ូ៕