(ចិន)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ជួបពិភាក្សាទំនាក់ទំនងការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបទ្វេភាគីនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំនៃសណ្ឋាគារ ហ័រជីសាន់ ហ័ងចូវ (Huajisan Hangzhou Resort) ទីក្រុងហ័ងចូវ ខេត្តជីជាំង។
ក្នុងជំនួបដ៏មានតម្លៃនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបាលសារពើពន្ធនៃប្រទេសទាំងពីរ បានឯកភាពគ្នាពង្រឹងសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធនឹងពន្ធដារ ពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ ព្រមទាំងការទប់ស្កាត់នូវការគេចវេសបន្លំពន្ធ។
ក្នុងឱកាសនោះគណៈប្រតិភូបានរំលឹកអំពីប្រវត្តិ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដែលគិតមកដល់ពេលនេះមានរយៈកាល៦០ឆ្នាំ ដែលនេះជាមូលដ្ឋាននៃការបន្តកិច្ចសហប្រតិការ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ភាគីទាំងពីរក៏បាន ពិភាក្សាលើ គំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់ ឬខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្រ និងផ្លូវជំនួញសូត្រសមុទ្រសតវត្សរ៍ទី២១ (Belt and Road Initiative - BRI or Silk Road Economic Belt) ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលចិន ហើយនឹងផ្តោតលើការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស Eurasia ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន។ ដែលក្នុងន័យនេះ អនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់ (Belt and Road Inititative) ហើយនឹងជំរុញការអនុវត្តឲ្យបានពេញលេញបន្ថែមទៀត ទាំងក្នុងយន្តការទ្វេភាគី ក៏ដូចយុទ្ធការពហុភាគី ដើម្បីជំរុញការធ្វើការរួមគ្នា ដែលស្របតាមការវិវត្តនៃសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក ដែលអាចធ្វើឲ្យប្រសើរឡើង នូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងធានាបាននូវស្ថិរភាពកំណើនចំណូលពន្ធ។
បន្ថែមពីលើនេះទៀត តបតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋប្រជាមានិតចិន បានទទួលយកសំណើក្នុងការចូលរួមបំពេញទស្សនកិច្ចផ្លូវការទៅកាន់ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងចូលរួមសិក្ខាសាលាមួយ ដែលគ្រោងរៀបចំនៅអំឡុងដើមឆ្នាំ ២០១៩ ក្នុងគោលដៅជំរុញ និងពង្រឹងការផ្តល់សេវាជូន ក្រុមហ៊ុន សហគ្រាស ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិចិន និងអ្នកជាប់ពន្ធជនជាតិចិនទាំងឡាយ ដែលកំពុងមានសកម្មភាពអាជីវកម្ម នៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងចិន នឹងចាប់ផ្ដើមអនុវត្តនូវកិច្ចព្រមព្រៀងលើការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ចាប់ពីដើមឆ្នាំ ២០១៩ ខាងមុខនេះតទៅ ដែលការអនុវត្តកិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដល់វិនិយោគិនកម្ពុជា ដែលកំពុងមានសកម្មភាពអាជីវកម្មនៅក្នុងប្រទេសចិន ក៏ដូចជាវិនិយោគិនចិន ដែលកំពុងមានសកម្មភាពអាជីវកម្មនៅកម្ពុជាផងដែរ៕