(សិង្ហបុរី)៖ បន្ទាប់ពីកិច្ចប្រជុំពាក់ព័ន្ធដ៏មមាញឹកជាច្រើននៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោកភរិយា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខពង់ខ្ពស់បំផុត ថ្វាយនិងជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូទាំងអស់របស់អាស៊ាន ព្រមទាំងឧត្តមមន្រ្តីអាស៊ាន និងគណៈប្រតិភូទាំងអស់
លោក លី ស៊ានឡុង បានថ្លែងក្នុងឱកាសនោះថា មេដឹកនាំអាស៊ានទាំងអស់បានចំណាយពេលវេលាដ៏យូ ក្នុងការរួមគ្នាកសាងសហគមន៍អាស៊ានមួយកាលពីឆ្នាំ២០១៥ ហើយសម្រាប់អនាគតទៅមុខនឹងខិតខំរួមគ្នាបន្តទៀត និងបន្តខិតខំរួមគ្នាបន្ថែមទៀត ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដើម្បីអនាគតដ៏រុងរឿងរបស់តំបន់ ពិសេសដើម្បីប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបន្តថា ក្រោមប្រធានបទការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន យើងនឹងបន្តធ្វើការពិភាក្សារបស់យើងឲ្យកាន់តែ ស៊ីជម្រៅថែមទៀត នៅព្រឹកថ្ងៃទី២៨ មេសា ដើម្បីបម្រើប្រយោជន៍តំបន់និងប្រជាជននៃយើងទាំងអស់គ្នា។ បណ្តាមេដឹកនាំទាំងអស់ ក៏បានតាមដានទស្សនានូវរបាំចម្រៀង របស់ក្រុមសិល្បះមហាជន របស់ប្រទេសសិង្ហបុរីផងដែរ។
លោក លី ស៊ានឡុង ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានថ្លែងសុន្ទរកថាគន្លឹះទៅកាន់បណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសនោះថា លោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលសិង្ហបុរីសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ក្នុងរយៈពេល១ឆ្នាំកន្លងមក ក្នុងនាមជាប្រធានអាស៊ានប្តូរវេន។ លោកក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនបន្តាមេដឹកនាំទាំងអស់ ទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងបុព្វហេតុនៃការបម្រើប្រទេសនិងប្រជាជនទាំងអស់ ទាំងនៅក្នុងតំបន់និងក្រៅតំបន់៕