(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានធ្វើសនិ្នសីទសារព័ត៌មានដើម្បីជូនដំណឹងដល់ប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ មន្រ្តីក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មចិនបានឧទេ្ទសនាមអំពីព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពការទូតរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលនឹងអញ្ជើញចូលរួមសនិ្នសីទក្រៅផ្លូវការលើកទី ២៦ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ APEC) ព្រមនិងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ប្រ៊ុយណេនិងហ្វីលីពីន ។
ដោយឡែកនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ លោកនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសនៅកោះមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន។
ថ្លែងក្នុងសនិ្នសីទសារព័ត៌មាន លោក Zheng Zeguang អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង នៅតំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក គឺមានសារៈសំខាន់ណាស់ ដែលអាចធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការមេត្រីភាពរវាងចិននិងប៉ាពូអាស៊ីនូវែលហ្គីណេ លើកកម្ពស់កម្រិតទំនាក់ទំនងរវាងចិននិងប្រទេសនៅកោះមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាជំរុញកិច្ចសហប្រតិបតិ្តការនិងសាមគ្គីភាពរវាងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ថ្លែងក្នុងសនិ្នសីទសារព័ត៌មាន លោក Li Chenggang ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ឆ្នាំនេះ សនិ្នសីទ APEC ត្រូវបានរំពឹងថា នឹងអាចទទួលបានសមិទ្ធផលជាអាទិ៍៖ ទីមួយ ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការតភ្ជាប់គ្នាលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលបែងចែកជាពីរផ្នែក គឺ ជំរុញកិច្ចកសាងបណ្តាញច្រកព្រំដែនអេឡិចត្រូនិចដែលជាតំបន់គំរូនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឲ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី ។
មួយផ្នែកទៀត គឺកិច្ចសហប្រតិបតិ្តការខ្សែសង្វាក់តម្លៃជាសកលនឹងទទួលបានសមិទ្ធផលសំខាន់ ហើយនឹងបង្កើតបានជាឃ្លាំងទិន្នន័យតម្លៃបន្ថែមផ្នែកពាណិជ្ជកម្មរបស់អង្គការ APEC ។ ទីពីរ នឹងធ្វើឲ្យស៊ីជម្រៅនូវដំណើរកិច្ចសហប្រតិបតិ្តការផ្នែកសមាហរណកម្មសេដ្ឋកិច្ចតំបន់ ជំរុញការអភិវឌ្ឍនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក។ ទីបី នឹងរួមចំណែកជាកត្តាសំខាន់លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មដើម្បីសម្រេចបាននូវ ទស្សនទានសហប្រតិបតិ្តការក្រោយឆ្នាំ ២០២០៕