(ស្ទឹងត្រែង)៖ ឈើប្រណិតដ៏ច្រើនសន្ធឹកសន្ទាប់ របស់ក្រុមឈ្មួញលួចដឹកជញ្ជូនតាមរយៈរថយន្តសាំយ៉ុងកែច្នៃមួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការគ្នាជាមួយកម្លាំងរដ្ឋបាលព្រៃឈើ សង្កាត់ដុងក្រឡ ចុះបង្ក្រាបបានខណៈកំពុងដឹកជញ្ជូនឈើប្រណិតចេញពីស្រុកសៀមប៉ាង ឆ្ពោះទៅកាន់ខេត្តគោលដៅ។
ការបង្ក្រាបរថយន្តសាំយ៉ុងប្រភេទទេសចរណ៍កែច្នៃដឹកឈើប្រណិតនោះ បានធ្វើឡើងកាលពីទៀបភ្លឺថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលំចូលឃុំស្តៅ ក្នុងភូមិគីឡូមែត្រ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
លោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រ បានឲ្យដឹងថា រថយន្តសាំយ៉ុងដែលកម្លាំងចាប់បានជាប្រភេទរថយន្តកែច្នៃទាំងបាត និងដំបូលលួចដឹកឈើប្រណិតចេញពីស្រុកសៀមប៉ាង តាមរយៈគ្រប់រូបភាពរួចដឹកជញ្ជូនបន្តតាមរយៈសាំយ៉ុង ឆ្ពោះទៅកាន់ទីផ្សារ នៃខេត្តគោលដៅ។
លោកថា ដោយសារតែក្រុមការងារបានទទួលព័ត៌មានថា រថយន្តសាំយ៉ុងដឹកឈើប្រណិតល្មើសច្បាប់ខាងលើ កម្លាំងក៏បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបានតែម្តងចំណែកឯតៃកុងបានរត់គេចខ្លួនបាត់។
នាយសង្កាត់ដុងក្រឡ បានបន្តថា រថយន្តសាំយ៉ុងដែលបង្ក្រាបបានមន្រ្តីជំនាញបាននាំយកទៅរក្សាទុក ក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ លោកថា រហូតមកទល់ពេលនេះ ឈើប្រណិតដែលដកហូតបានមានចំនួន៣៣០ដុំតូចធំ ស្មើនិងជិត៤ម៉ែត្រគូប រួមជាមួយឈើប្រភេទកកោះមុខធំៗចំនួន២សន្លឹកផងដែរ៕