(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាឲ្យលោក Scott Dawson នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍអាស៊ី (ADB) ទទួលបន្ទុកការងារសម្រាប់ប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងស្នើសុំយោបល់របស់លោករដ្ឋមន្រ្តីសម្រាប់យកទៅពិនិត្យពិចារណា នៅលើចំណុចខ្លាំង និងចំណុចខ្សោយដែលធនាគារអភិវឌ្ឍអាស៊ីបាន និងកំពុងអនុវត្ត។
លោករដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថា កម្ពុជាធ្លាប់ជាប្រទេសអសន្តិសុខស្បៀង ខ្វះអាហារូបត្ថម្ភ មកជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។ តែទោះជាយ៉ាងណា វិស័យកសិកម្មនៅមានបញ្ហាប្រឈម មួយចំនួនដែលទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍអាស៊ី ដើម្បីចូលរួមសហការស្វែងរកបញ្ហាគន្លឹះដោះស្រាយឲ្យបានទាន់ពេលវេលា និងឲ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ស្របតាមកំណើនសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីបន្តថា បញ្ហាប្រឈមទាំងអស់នោះរួមមាន បញ្ហាទីផ្សារផលិតផលកសិកម្ម បច្ចេកវិទ្យាមុន និងក្រោយពេលប្រមូលផល ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បច្ចេកវិទ្យាកែច្នៃ វេចខ្ចប់ ការប្រើប្រាស់ និងគ្រប់គ្រងទឹកកសិកម្ម ព័ត៌មានទីផ្សារ។ល។
លោក វេង សាខុន បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងតាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្សព្វផ្សាយបច្ចេកទេស និងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ លើកទឹកចិត្តដល់វិនិយោគិន ការកសាងភាពជាដៃគូរវាងវិស័យឯកជន ជាមួយកសិករ សហគមន៍ឬសហគ្រាសខ្នាតតូច ការគាំទ្រឲ្យមានការផ្លាស់ប្តូរ ពីកសិករទៅជាកសិ-ពាណិជ្ជករវិញ។
ជាការឆ្លើយតបប្រសាសន៍ និងការចង្អុលបង្ហាញរបស់លោករដ្ឋមន្រ្តី លោក Scott Dawson ថានឹងយកចំណុចទាំងអស់នោះ ទៅពិភាក្សាជាមួយក្រុមការងារជំនាញ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការ ដែលបានគ្រោងទុក ព្រោះអ្វីដែលលោករដ្ឋមន្រ្តីបានលើកឡើង គឺសមស្របតាមទស្សនវិស័យរបស់ធនាគារអភិវឌ្ឍអាស៊ី ហើយលោកជឿជាក់ថាធនាគារអភិវឌ្ឍអាស៊ី នឹងដើរតួយ៉ាងសំខាន់ក្នុងការរកដំណោះស្រាយ ក៏ដូចជាបន្តផ្តល់កិច្ចសហប្រតិបត្តការ ឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕