(សៀមរាប)៖ លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ដ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការរបស់ លោក សុខ ថុល ជានាយករដ្ឋបាលសាលាខេត្តសៀមរាប ជំនួសលោក នួន ពុទ្ធារ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែង ជាអភិបាលក្រុងសៀមរាប។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋបាលសាលាខេត្ត ដែលទើបទទួលបានការតែងតាំងថ្មីរួចមក លោក ឃឹម ប៊ុនសុង បានថ្លែងថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកឡើយ។
ការប្រកាសតែងតាំង លោក សុខ ថុល ជានាយករដ្ឋបាលសាលាខេត្តនៅពេលនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ។ ម៉្យាងទៀត ក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំថ្នាក់ក្រោមជាតិ ដើម្បីឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ ក្នុងការបម្រើសេវាចាំបាច់ ឆ្លើយតបទៅតម្រូវការផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីគ្រប់រូប យកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់ លើការបង្កើតច្រកចេញចូលតែមួយ បម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងសម្រួលឲ្យបានលឿន រហ័ស និងតម្លាភាពនូវរាល់ឯកសារផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងអំពីច្បាប់ ដែលក្រសួងបានរៀបចំដែលជាវិធានការបង្ក្រាប និងឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទង ទំនាស់ទាំងឡាយ ក្នុងគោលដៅដោះស្រាយឲ្យខាងតែបាននូវរាល់បញ្ហាដែលមាន កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន គឺត្រូវធ្វើការកាត់បន្ថយ ឲ្យនៅកាន់តែតិចទៅៗ នោះពិតជាភាពជាអ្នកដឹកនាំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោក ឃឹម ប៊ុនសុង បានផ្តាំផ្ញើដល់លោកនាយករដ្ឋបាលថ្មី នៃសាលាខេត្តសៀមរាប ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍ នូវតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើជំហរទទួលខុសត្រូវលើការងារ រក្សាសាមគ្គីឯកភាពផ្ទៃក្នុង ដាស់តឿនក្រើនរំលឹកគ្នាទៅវិញទៅមក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤ សម្រាប់មន្ត្រីមុខងារសាធារណៈ គឺឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ និងត្រូវបន្តសហការល្អគ្រប់ ជាមួយបណ្តាក្រសួង មន្ទីរ ស្ថាប័ន អង្គភាពនានា គោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់៕