(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនៅខេត្តសៀមរាន ដោយមានការចូលរួមពីសំណាក់លោក លោកស្រី គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានលើកឡើង ពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងធ្វើនៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកអភិបាលខេត្ត ក៏បានឲ្យថា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ គឺធ្វើឡើងដើម្បីរំលឹក និងគោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹកក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង។
បន្ទាប់ពីសេចក្តីរាយការណ៍របស់អនុគណៈកម្មការនីមួយៗ អំពីសកម្មភាព លទ្ធផលដែលអនុវត្តបាន ក្នុងនោះលេខាធិការដ្ឋានគណៈកម្មការរៀបចំបុណ្យអុំទូកខេត្ត បានឲ្យដឹងថា ទូកដែលបានសុំដាក់ពាក្យចូលមកប្រកួតមានចំនួន៣១ទូក ដែល ក្នុងទូកមួយ មានចំណុះ២២នាក់ ក្នុងនោះមានទូកស្រី០៥ទូក ព្រមទាំងមានប្រទីប មកពីបណ្តាមន្ទីរ អង្គភាព និងក្រុមហ៊ុនផងដែរ។
ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាដោយផ្តោតយ៉ាងសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន និងអគ្គិសនី ជាងនេះទៅទៀតលើការស្នាក់នៅរបស់ក្រុមកីឡាករកីឡាការីទៀតផង។
ក្នុងពិធីបុណ្យ អុំទូកនេះ គណៈកម្មការបុណ្យជាតិថ្នាក់ខេត្ត ក៏បានធ្វើការរៀបចំស្តង់ សម្រាប់បងប្អូនអាជីវករ ដែលមានបំណងចូលមកលក់ដូរនៅក្នុងឱកាសបុណ្យអុំទូក ដោយបានបន្តពីថ្ងៃបញ្ចប់អ៊ុទូក ដោយមានការសម្តែងតន្ត្រីជូនដល់ភ្ញៀវជាតិអន្តរជាតិកម្សាន្តផងដែរ បន្ទាប់ពីអនុគណៈកម្មការ និងអាជ្ញាធរស្រុក មន្ទីរ អង្គភាពបានលើកនូវរាល់ចំណុចមួយចំនួន ក្នុងការចូលរួមពិធីបុណ្យអុំទូក ដោយផ្តោតទៅលើបញ្ហាបរិស្ថាន ភ្លើងបំភ្លឺ ចរាចរណ៍ និងបង្គន់អនាម័យចល័តក្នុងឱកាសពិធីបុណ្យ។
លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ហើយក៏ជាការផ្សព្វ ផ្សាយទាក់ទាញអារម្មណ៍ដល់ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីដ្ឋានធម្មជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណល្បីល្បាញ ដែលជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ បានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ នៅលើពិភពលោក ព្រមទាំងទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និងទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ នេះជាការបញ្ជាក់ថា ពិភពលោក នៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ។
អភិបាលខេត្តសៀមរាប បានសង្កត់ធ្ងន់ទៅលើការសម្អាតអនាម័យ បរិស្ថាន ពិសេសចំពោះអគ្គិសនីត្រូវបន្តបើកបំភ្លឺនៅតាមស្តង់ និងកន្លែងឆាកតន្ត្រី រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសូមឲ្យបណ្តាមន្ទីរ អង្គភាព ក៏ដូចក្រុមហ៊ុន ដែលគ្មានទូកចូលរួមប្រកួតសូមជួយធ្វើការឧបត្ថម្ភដល់ទូកទាំងនោះ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ក៏ជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រនេះ៕