(ភ្នំពេញ)៖ ឱកាសល្អសម្រាប់ប្អូនៗ ដែលកំពុងស្វែងរកការងារធ្វើ សូមកុំភ្លេចមកចូលរួមកម្មវិធីវេទិកាការងារ រៀបចំឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងនោះក៏មានការផ្ដល់ឱកាសការងារចំនួន៩៣៥កន្លែងផងដែរ។
វេទិការការងារនេះក៏មានក្រុមហ៊ុនល្បីចំនួន១០ចូលរួមរួមមាន៖ ក្រុមហ៊ុនអ៊ីអន, ក្រុមហ៊ុន Turbotech, ហាងនំបុ័ង Bread talk, ក្រុមហ៊ុន Baby Outlet, ក្រុមហ៊ុន BDlink, ក្រុមហ៊ុនGBS, ផ្សារទំនើប Lucky, ក្រុមហ៊ុន New Link Marketing Ltd, ក្រុមហ៊ុន GFG Investment និងអង្គការដើម្បីភាពញញឹមនៃកុមារ។
វេទិការការងារប្រចាំខែវិច្ឆិកានេះ រៀបចំធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ស្ថិតក្នុងបរិវេណ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង៥៖០០ល្ងាច។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានបញ្ជាក់ថា «ការរៀបចំវេទិកាការងារជាផ្នែកមួយសំខាន់ ក្នុងការស្វែងការងារជូនសិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលមានប្រសិទ្ធភាពជាងគេបំផុត។ កម្មវិធីនេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួម មានសិទ្ធក្នុងការជ្រើសរើសក្រុមហ៊ុន និងការងារដែលខ្លួនពេញចិត្តនិងដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយមន្ត្រីធនធានមនុស្ស មកពីបណ្តាក្រុមហ៊ុនថែមទៀតផង»។
លោក អាំង ភារៈ បានអំពាវនាវដល់ក្រុមហ៊ុន ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក អាចចូលរួមសហការ ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការជ្រើសរើសបុគ្គលិក ដោយផ្ទាល់ជារៀងរាល់ខែ។
សម្រាប់សិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀម CV ដើម្បីចូលរួមដាក់ពាក្យផ្ទាសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងមកពីបណ្តាលក្រុមហ៊ុន និងដឹងលទ្ធផលភ្លាមនៅនឹងកន្លែងតែម្តង។
សម្រាប់ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ក្នុងការស្វែងរកការងារ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួលបានសេវាផ្តល់ជូន ដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃនេះ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕